អភិបាលរងខេត្តកណ្តាល លើកទឹកចិត្តឲ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រ ឱ្យបានពូកែ ប្រកបដោយគុណភាព កុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះកាលៈទេសៈណាក៏ដោយ
ភ្នំពេញ៖ លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បាន អញ្ជើញចូលរួមអបអរសាទរ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែនកំពង់ភ្នំ ឃុំកំពង់ភ្នំ ស្រុកលើដែក ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួម ពីអាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស ជាច្រើនរូបផងដែរ។
លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាលបានបន្តថា៖ ថ្ងៃនេះគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ដែលជា ថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ប្អូនៗសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ទាំងអស់។
ក្នុងឱកាសនោះលោកក៏បាន ថ្លែងអំណរគុណចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និង សប្បុរសជននានាដែលតែងតែបាន រួមចំណែកក្នុងការកសាង និងអភិវឌ្ឍ វិស័យអប់រំនៅកម្ពុជាឱ្យមានដំណើរ ការរីកចម្រើនគួរជាទីមោទនៈក្នុងរយៈកាលកន្លងមកនេះ និងសូម បន្តជួយឧបត្ថម្ភគាំទ្រ និងផ្តល់នូវ កិច្ចសហការល្អតទៅទៀត ដើម្បី បុព្វហេតុនៃការអភិវឌ្ឍកុមារ និង យុវជនកម្ពុជាគ្រប់ៗរូប។
លោកបានទៀតបន្តថា៖ រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំដូចមាន ក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ផ្តោត លើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា” និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដំណោះស្រាយក្នុងនីតិកាល ទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់គុណភាពអប់រំ” ដោយ ផ្តោតលើការពង្រឹងគុណភាពសាលា រដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ ថ្នាក់មធ្យមសិក្សាតាមការពង្រឹង កិច្ចការសំខាន់ៗ។
ក្នុងពិធីនេះដែរលោកអភិបាលរងខេត្ត បាន លើកទឹកចិត្តដល់ ប្អូនៗក្មួយៗសិស្សានុសិស្ស ត្រូវខិតខំ សិក្សារៀនសូត្រតាំងពីថ្ងៃចូលរៀនដំបូងរហូតដល់ចុងឆ្នាំ ឱ្យបានពូកែ ប្រកបដោយគុណភាព សូមកុំ បោះបង់ចោលការសិក្សាឱ្យសោះ ទោះក្នុងកាលៈទេសៈ ណាក៏ដោយ ត្រូវបន្តការសិក្សានៅកម្រិតឧត្តម ចាប់យក ជំនាញ ប្រកបដោយជោគជ័យ ដើម្បីគ្រួសារ និង សង្គមជាតិ។
សម្រាប់សិស្សកម្រិតមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៨-០៩ តុលា ឆ្នាំ២០២៤
យោងតាមរបាយការណ៍របស់ស្រុកលើកដែកសិស្សបានដាក់ពាក្យប្រឡងមានចំនួន ៤០៦នាក់ ស្រី ២៥៣នាក់ ក្នុងនោះផ្នែកវិទ្យាសាស្ត្រពិតមានចំនួន ១១៥ នាក់ ស្រី៧៥នាក់ មណ្ឌលដែលត្រូវប្រឡង នៅវិទ្យាល័យជ័យវរ្ម័នទី៧ (ស្រុកកៀនស្វាយ), ផ្នែកវិទ្យាសាស្ត្រសង្គម មានចំនួន ២៩១ នាក់ ស្រី ១៧៨ នាក់មណ្ឌលដែលត្រូវប្រឡងនៅបឋមសិក្សាគគីរ (ស្រុកកៀនស្វាយ) ។ ជាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៨-០៩ តុលា ឆ្នាំ២០២៤
សិស្សប្រលងជាប់ មានចំនួន ៣៨១ នាក់ ស្រី២៣៨នាក់ ក្នុងនោះ៖
– សិស្សជាប់និទ្ទេសA មានចំនួន ១៣នាក់ ស្រី០៧នាក់ – សិស្សជាប់និទ្ទេសB មានចំនួន ៧៤នាក់ ស្រី៥៦នាក់ – សិស្សជាប់និទ្ទេសC មានចំនួន ១១៣នាក់ ស្រី៦៩នាក់ – សិស្សជាប់និទ្ទេសD មានចំនួន ១០៦នាក់ ស្រី៦៩នាក់ – សិស្សជាប់និទ្ទេសE មានចំនួន ៧៥នាក់ ស្រី៣៧នាក់ ក្នុងនោះសិស្សដែលប្រលងធ្លាក់មានចំនួន ២៥ នាក់ ស្រី១៥ នាក់ ។