ផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ជូនដល់មន្រ្តីបច្ចេកទេសក្រោមឱវាទក្រសួងសាធារណការ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ តារា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីបច្ចេកទេសក្រោមឱវាទក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តពាក់ព័ន្ធ និងបណ្តាក្រុមហ៊ុនកំពង់ផែឯកជនដែលកំពុងប្រកបអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹកក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពិភាក្សានេះធ្វើឡើង ដើម្បីពន្យល់បន្ថែមលើខ្លឹមសារនៃច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក ឱ្យបានជ្រាបកាន់តែច្បាស់ ដើម្បីធានាការអនុវត្ត ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាព។
អង្គប្រជុំបានពិភាក្សា និងណែនាំលើបញ្ហាបចេ្ចកទេសមួយចំនួន សំដៅរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក រួមមានទាំងការកសាង និងការថែទាំហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីផ្តល់កាលានុវត្តភាពសម្រាប់ការវិនិយោគ ធានាដល់ការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព ក្នុងកិច្ចទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការធ្វើពាណិជ្ជកម្មជាតិ និងអន្តរជាតិ៕