ពលរដ្ឋប្រទះឃើញសពជនជាតិចិន អណ្តែតទឹកនៅអាងអូរខៃដន ក្រុងប៉ោយប៉ែត
ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពអណ្តែតទឹក ជាប់ដោយចំណងដុំដែកនៅអាងទឹកអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២៤។
បើតាមការបញ្ជាក់ពីស្ត្រីជនជាតិខ្មែរម្នាក់ អះអាងថា ត្រូវជាប្រពន្ធសពជនរងគ្រោះដែលជាជនជាតិចិន ក្រោយពីប្ដីរបស់នាងបាត់ខ្លួនរយៈពេល២ថ្ងៃមកហើយ។
សពជនរងគ្រោះអណ្តែតនៅអាងអូរខៃដន
បើតាមការឱ្យដឹងពីមន្រ្តីសមត្ថកិច្ច ស្ត្រីដែលអះអាងថាជាប្រពន្ធសព មានឈ្មោះ ទូច កញ្ញា ហៅហេង មានអាយុ៣១ឆ្នាំ បានទៅប្តឹងសមត្ថកិច្ចពីករណីបាត់ប្ដីឈ្មោះ ជឹង ហ័រកាង ហៅខាង ជនជាតិចិន មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង០៣ៈ០៥នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរីឌឹផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
ស្ត្រីខាងលើរៀបរាប់បន្តថា កាលពីវេលាម៉ោង២២:០០នាទីថ្ងៃទី២៩តុលា ប្ដីរបស់នាងជិះរថយន្តម៉ាក Rang Rover ពណ៌ស ទៅលេងផ្ទះបងប្អូនជីដូនមួយនៅបុរីឌឹផាកស៊ីធី ក្រោយមក នៅវេលាម៉ោង០១ៈ១០នាទីឆ្លងចូលថ្ងៃទី៣០តុលា ប្ដីនាងបានចេញពីផ្ទះបងប្អូនវិញ ក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។
មន្រ្តីសមត្ថកិច្ចឱ្យដឹងបន្តថា ក្រោយពីទទួលបណ្ដឹងពីស្ត្រីជាប្រពន្ធ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៥ៈ០០នាទីថ្ងៃទី៣១តុលា នៅចំណុចបុរីខេអិន ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ដោយសមត្ថកិច្ចកងរាជអាវុធហត្ថ បានប្រទះឃើញរថយន្តជនរងគ្រោះខាងលើប្លុងចោល និងបានដោះស្លាកលេខចេញ ក៏បានត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវ ក្នុងបុរីខេអិនប្រទះឃើញថា កាលពីវេលាម៉ោង០១:២០នាទីថ្ងៃទី៣០តុលា មានរថយន្តមួយគ្រឿងម៉ាក Hyundai Starex ពណ៌ទឹកប្រាក់ ជិះនាំមុខរថយន្តខាងលើយកមកប្លុងចោលនៅក្នុងបុរី រួចក៏បានចេញពីបុរីបាត់ដំណឹងតែម្ដង។
ចំពោះរថយន្តជនរងគ្រោះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បាននាំយករថយន្តខាងលើ ទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង០៦:០០នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាបានប្រទះឃើញសាកសពអណ្ដែតទឹកនៅក្នុងអាងទឹកអូរខៃដនតែម្ដងនេះ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យសពជនរងគ្រោះ ដែលមានសភាពហើមជាំ និងមានចងភ្ជាប់ដោយដុំដែកចំនួន២ដុំ ទម្ងន់២០គីឡូក្រាម និងបន្តនីតិវិធីស្រាវជ្រាវរកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះជាបន្តទៀតផងដែរ៕