ប្រធានអនុគណៈកម្មាធិការ រៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ក្រសួងការពារជាតិ បើកប្រាក់ឧបត្ថម្ភបូជាសព ជូនគ្រួសារសពឧត្តមសេនីយ៍ ២គ្រួសារ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ឆូយ សុផល មេបញ្ជាការរង យោធភូមិភាគទី៤ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំសហការី យោធភូមិភាគទី៤ ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណ:កម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងសហការីក្រសួងការពារជាតិ ដើម្បីប្រគល់ប្រាក់ឧបត្ថម្ភបូជាសព ជូនដល់គ្រួសារនៃសពឧត្តមសេនីយ៍ ចំនួន ០២គ្រួសារ។
សូមបញ្ជាក់ផងដែរថា សពថ្នាក់ឧត្តមសេនីយ៍មានចំនួន ០២រូប ដែលមានរាយនាមដូចខាងក្រោម៖
១. ឧត្តមសេនីយ៍ទោ សូរ្យ ណារ៉ា មេបញ្ជាការរង យោធភូមិភាគទី៤
២. ឧត្តមសេនីយ៍ត្រី ជា សាន្ត អតីតនាយទាហាន យោធភូមិភាគទី៤។
ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណ:កម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ក្រសួងការពារជាតិ បានពាំនាំពាក្យផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់យោធិន និងក្រុមគ្រួសារ ជាពិសេសអតីតវីរយុទ្ធជន។ ជាមួយគ្នានេះដែរលោក ឧត្តមសេនីយ៍ឯក បានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ឧត្តមសេនីយ៍ ២រូប ដែលជាអតីតវីរយុទ្ធជន របស់យោធភូមិភាគទី៤ ដែលកន្លងមកលោកបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ទៅតាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូនបានយ៉ាងល្អ និងរួមចំនែកក្នុងការកសាងប្រទេសជាតិអោយទទួលបាននូវសុខសន្តិភាពពេញលេញ។
ក្រុមគ្រួសារនៃសព បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងទទួលបានការគិតគូរពីសំណាក់ ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី៤ ដែលតែងតែគិតគូរដល់សុខទុក្ខរបស់កងទ័ព និងក្រុមគ្រួសារផងដែរ ៕