ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះឆេះផ្ទះ ក្នុងស្រុកជលគិរី
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី៥០សន្លឹក ត្រីខ០១យួរ មី០១កេះ មុង០២ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋមានប្តីឈ្មោះ ឡាវ សារិទ្ធ អាយុ ៣៧ឆ្នាំ ប្រពន្ធឈ្មោះ ស ស្រីម៉ៅ អាយុ ៣៥ឆ្នាំ ដែលត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង នៅវេលាម៉ោង ៤:៣០នាទីល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
ក្នុងនោះក៏មានការចូលរួម ឧបត្ថម្ភពី ព្រះចៅអធិការវត្តក្បាលកន្លង នូវអង្ករ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្ភារផ្ទះបាយ និង សម្ភារសិក្សា ព្រមទាំងបច្ច័យមួយចំនួនផងដែរ ។ គួរបញ្ជាក់ថា អគ្គិភ័យឆាបឆេះនេះ គឺបណ្ដាលមកពីទុសេរខ្សែភ្លើងក្នុងផ្ទះ ពេលម្ចាស់ផ្ទះមិននៅ នាំគ្នាទៅចំការអស់ ។
មានប្រសាសន៍សំណេះសំណាល នាពេលនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយជាទីបំផុតរបស់ សម្តេចធិបតី និងលោកជំទាវ ចំពោះគ្រួសាររងគ្រោះដែលបាត់បង់ផ្ទះសម្បែងអស់ទាំងស្រុងត្រឹមមួយប៉ព្រិចភ្នែក ។ ឯកឧត្តម មេបញ្ជាការ បានណែនាំដល់ម្ចាស់ផ្ទះរងគ្រោះ ទៅថ្ងៃមុខត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដូចពាក្យចាស់ពោលថា “ស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ” ព្រោះបើភ្លើងឆេះហើយ សូម្បីតែកូនកន្លាតមួយក៏មិនសល់ដែរ ។
មុននឹងបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានណែនាំដល់អាជ្ញាធរភូមិឃុំឲ្យជួយសាងសង់ផ្ទះជូនគ្រួសាររងគ្រោះឡើងវិញ ឲ្យបានសមរម្យ នឹងបានឆាប់រហ័សផងដែរ ៕