ឯកឧត្តម ប្រាក់ សុខុន អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកលៀប របស់ខណ្ឌជ្រោយចង្វារ ចំនួន១០៦នាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខណ្ឌជ្រោយចង្វារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកលៀប របស់ខណ្ឌជ្រោយចង្វារ ចំនួន១០៦នាក់ ស្រីចំនួន៥២នាក់ នៅមន្ទីរគណបក្សខណ្ឌជ្រោយចង្វារ។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាន៍ស្វាគមន៍អបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោក លោកស្រី អ្នកនាង កញ្ញា ក្នុងការចូលរួមជីវភាពជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយធំជាងគេ និងមានវ័យចំណាស់ជាងគេទាំងការដឹកនាំ និងកសាងប្រទេសជាតិកម្ពុជា។ លោក លោកស្រី អ្នកនាង កញ្ញា មិនមែនជាអ្នកចុងក្រោយដែលចូលជាសមាជិកបក្សនាពេលនេះ គឺនឹងមានការចូលជាបន្តបន្ទាប់ច្រើនទៀតជារៀងរាល់ថ្ងៃ ព្រោះគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីប្រជាជន ដើម្បីប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ផលប្រយោជន៍ប្រជាជន។
ឯកឧត្តម ប្រាក់ សុខុន ក៏បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេច អនុប្រធានគណបក្ស ជូនដល់ លោក លោកស្រី អ្នកនាង កញ្ញា ដែលបានស្ម័គ្រចិត្ត មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។
ឯកឧត្តម បានរំលឹកជូនអង្គពិធី ពិសេសសមាជិកដែលទើបចូលថ្មី អំពីប្រវត្តិ ស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ និងគោលបំណង ឧត្តមគតិរបស់គណបក្ស ដែលបានខិតខំតស៊ូ ពុះពារ លះបង់គ្រប់បែបយ៉ាង រហូតធ្វើឲ្យប្រទេសមួយនេះក្លាយជាទឹកដីប្រកប ដោយសន្តិភាព ស្ថិរភាព ការរួបរួមជាតិ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ធ្វើឲ្យប្រជាជនបានរស់នៅដោយសុខដុមរមនា កិត្យានុភាពជាតិក៏ត្រូវបានស្តារ និងលើកកម្ពស់ឡើងវិញប្រកបដោយមោទនភាព ៕