អនុព័ន្ធយោធាឥណ្ឌូនេស៊ីចាស់ និងអនុព័ន្ធយោធាថ្មី ប្រចាំការនៅកម្ពុជា ចូលជួបសម្តែងការគួសម ជាមួយមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានអនុញ្ញាតិ ឲ្យលោកវរៈសេនីយ៍ឯក ម៉ុច រីសាល (MOCH RIZAL) ចូលជួបសម្តែងការគួសម និងជំរាបលា និងអនុញ្ញាតិឲ្យ លោកវរៈសេនីយ៍ឯក អាគុង ប៊ូឌី អាសម៉ារ៉ា(AGUNG BUDI ASMARA)អនុព័ន្ធយោធាឥណ្ឌូនេស៊ីថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម នាល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីបញ្ជាការបញ្ជការដ្ឋាន ទ័ពពិសេសកងទ័ពជើងគោក។
មានប្រសាសន៍សំណេះសំណាលលោកវរៈសេនីយ៍ឯក ម៉ុច រីសាល(MOCH RIZAL) អនុព័ន្ធយោធាចាស់ ដែលត្រូវ វិល ត្រឡប់ទៅបំពេញការងារនៅប្រទេសឥណ្ឌូនេស៊ីវិញ បានថ្លែងអំណរគុណ ចំពោះឯកត្តម មេបញ្ជាការ មេបញ្ជាការរង និងសហការី នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ដែលជានិច្ចជាកាលតែងតែបានជួយសម្រប សម្រួលទំនុកបំរ៉ុង និងសហការគ្នាបានយ៉ាងល្អក្នុងរយៈពេលដែលលោកមកបំពេញការងារនៅកម្ពុជាកន្លងមកនេះ។
លោកក៏បានបន្តថា តាម បទបញ្ជា និងការចាត់តាំង បានឲ្យលោកវរៈសេនីយ៍ឯក អាគុង ប៊ូឌី អាសម៉ារ៉ា(AGUNG BUDI ASMARA) មកកាន់តំណែងជំនួសបន្តជា អនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដូច្នេះសង្ឃឹមថា ឯកឧត្តម មេបញ្ជាការ មេបញ្ជាការង និងសហការរីទាំងអស់ នៅក្នុងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ជួយផ្តល់ការគាំទ្រ ក៏ដូចជាការសហ ការល្អ ជាមួយ និងលោក ដើម្បីឲ្យលោកបានបំពេញការងារ ក្នុងនាមអនុព័ន្ធយោធាឲ្យ បានល្អប្រសើរ ហើយសង្ឃឹមថា អ្វីដែលយើង បានសហការល្អជាមួយគ្នាកន្លងមកសូមផ្ទេរ ប្រគល់ និងធ្វើការសហការគ្នាឲ្យបានកាន់តែល្អថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ លោកវរៈសេនីយ៍ឯក ម៉ុច រីសាល(MOCH RIZAL) ដែលត្រូវបញ្ចប់បេសកម្មនៅកម្ពុជា និងលោកវរៈសេនីយ៍ឯក អាគង់ ប៊ូឌី អាសម៉ារ៉ា(AGUNG BUDI ASMARA) ដែលត្រូវ មកកាន់ការងារបន្តបានមកជួបសំណេះសំណាល និងសម្តែងការគួសមនាពេលនេះ។
ឯកឧត្តម ស៊ុំ សំណាង បានបញ្ជាក់ថា កន្លងមកបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានសហការយ៉ាងល្អ ជាមួយលោកវរៈសេនីយ៍ឯក ម៉ុច រីសាល (MOCH RIZAL)ដោយបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតីសម្ភារៈនិងថវិកា។
ឯកឧត្តម ក៏បានបន្តថា ការរីកចំរើនរបស់បញ្ជាការដ្ឋានទ័ពពិសេសដល់បច្ចុប្បន្ននេះ ក៏ដោយបានការទំនុកបំរ៉ុងពីភាគ្គី ឥណ្ឌូនេស៊ីដែរ ហើយនាយទាហាន និងពលទាហាន នៅទីនេះតែងតែចាត់ទុក ឥណ្ឌូនេស៊ី ជា ឪពុក និងជារៀមច្បង ព្រោះអ្វីៗកើតចេញពីឥណ្ឌូនេស៊ី ហើយធនធាន មនុស្សនៅទីនេះក៏កើតចេញពីឥណ្ឌូនេស៊ីដែរ ដូច្នេះការមកកាន់តំណែង ជាអនុព័នធយោធា ឥណ្ឌូនេស៊ីថ្មី នៅកម្ពុជារបសលោកវរៈសេនីយ៍ឯក អាគុង ប៊ូឌី អាសម៉ារ៉ា(AGUNG ASMBUDIARA) សង្ឃឹមថាកាន់តែល្អថែមទៀត៕