សាខា ក.ប.ប. ខេត្តបាត់ដំបង នាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកពិសារ
ភ្នំពេញ៖ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តបាត់ដំបង បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យផ្ទាល់ ដល់ទីតាំងផលិតទឹកពិសារ ចំនួន ២ទីតាំង ដែលស្ថិតនៅ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងសកម្មភាពនេះ មន្រ្តីជំនាញបានសង្កេតឃើញថា ក្នុងចំណោមអាជីវកម្មទាំង២ទីតាំង ១ទីតាំងពុំទាន់បានបន្តសុពលភាព លិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចនៅឡើយដែលបានផុតកំណត់កាលពីឆ្នាំ២០២៣ ហើយ១ទីតាំងទៀត ពុំមានលិខិតអនុញ្ញាតប្រកបអាជីវកម្មនោះទេ។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញបានពិនិត្យឃើញថា នៅលើសំបកវេចខ្ចប់នៃទឹកពិសារ ពុំមានដាក់ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែផុតកាលកំណត់ប្រើប្រាស់នោះទេ ដូចនេះ មន្រ្តីជំនាញបានណែនាំ អប់រំ និងធ្វើកិច្ចសន្យាកែតម្រូវដើម្បីឱ្យសមស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និងលក្ខខណ្ឌតម្រូវនៃម្ហូបអាហារ ៕