ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់លម្អិតអំពីដំណើរទស្សនកិច្ចរបស់សម្តេចធិបតី អញ្ជើញទៅចូលរួមកិច្ចប្រជុំនានា នៅទីក្រុងគុនមិញ ប្រទេសចិន
ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានអញ្ជើញផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្ដីពី ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំនានា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ រាជធានីភ្នំពេញ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ ក្រោមមូលបទ “ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ» និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ៕