ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ទទួលជួបជាមួយព្រះអង្គម្ចាស់ Michael George នៃរាជវង្សអង់គ្លេស និងលោកបណ្ឌិត Robert Glover
ភ្នំពេញ៖ ក្នុងឱកាសចូលរួមសន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនី តិសម្បទា បានទទួលជួបដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់ Michael George រាជវង្សអង់ គ្លេស និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Care for Children ដើម្បីជាការសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបកិច្ចពិភាក្សានេះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ និងលោក នាយកប្រតិបត្តិអង្គការ ដែលបានសហការក្នុងការបំពេញបេសកកម្មរបស់ខ្លួន តាមរយៈការ អនុវត្តគម្រោងថែទាំកុមារនៅកម្ពុជា ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមកនេះ។
ជាការឆ្លើយតប ព្រះអង្គម្ចាស់ Michael George រាជវង្សអង់គ្លេស និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Care for Children បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ Care for Children ដោយបានបញ្ជាក់ថា អង្គការនៅតែបន្តសហការគាំទ្រ តាមរយៈការចូលរួមអភិវឌ្ឍ និងពង្រឹងការអនុវត្តគោលនយោបាយ លិខិតបទដ្ឋានពាក់ព័ន្ធ ការកសាងសមត្ថភាពមន្ត្រី បុគ្គលិកសង្គម ព្រមទាំងសហការជាមួយមណ្ឌលថែទាំកុមាររបស់រដ្ឋ និងបន្តពង្រីកទៅខេត្តគោល ដៅអាទិភាពផ្សេងទៀត។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងពីការបន្តគាំទ្រចំពោះកិច្ចសហការ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអង្គការក្នុងដំណាក់កាលទី២ និងជាបន្តបន្ទាប់ ដោយក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបន្ត កិច្ចសហការល្អក្នុងភាពជាដៃគូជាមួយអង្គការ ព្រមទាំងលើកទឹកចិត្តដល់អង្គការ Care for Children ឱ្យពង្រីកគម្រោងកម្មវិធីទៅខេត្តគោលដៅអាទិភាពផ្សេងទៀតក្រៅពីខេត្តដែលមាន ស្រាប់។
ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ Michael George និងលោកបណ្ឌិត Robert Glover ក៏ បានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីដើម្បីដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទ ពិសោធន៍ការងារនៅចក្រភពអង់គ្លេសនៅដើមឆ្នាំ២០២៥ខាងមុខ ហើយជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានទទួលយកការអញ្ជើញនេះ៕