ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកវេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១៧ នៅកោះបាលី
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកវេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី។ សមាសភាពអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ចំនួន ៤០ប្រទេស សរុប ៩៤ស្ថាប័ន ជាសមាជិក របស់សមាគម ADFIAP។
វេទិកាអន្តរជាតិនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច”។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលេចថាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍គឺជាកាតាលីករសម្រាប់ការបោះជំហានប្រកបដោយសមធម៌ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច ដែលបញ្ចេញកាបូនតិច ៕