អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយ គណៈកម្មការទូក ដែលត្រូវដឹកនាំទូក ទៅចូលរួមពិធីប្រណាំងទូក នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការទូក ដែលត្រូវដឹកនាំទូក ទៅចូលរួមពិធីប្រណាំងទូកនៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ខាងមុខនេះ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា ទូកដែលមានឈ្មោះទៅចូលរួមពិធីប្រណាំងទូកនៅរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភពីអ្នកកាន់ទូក ហើយការជួយឧបត្ថម្ភគាំទ្រនេះ មិនគ្រប់គ្រាន់ទៅនឹងការចំណាយនោះទេ ដូច្នេះស្នើដល់អភិបាលក្រុងស្រុក សូមបន្តកៀងគរសប្បុរសជននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសុំជាថវិកា ក៏ដូចជាគ្រឿងឧបភោគបរិភោគបន្ថែមទៀត សម្រាប់ឧបត្ថម្ភទូកនៅក្នុងកម្លាំងពេលហាត់សម និងកំឡុងពេលអុំទូកនៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ទូកដែលមានឈ្មោះចូលរួមពិធីប្រណាំងទូក នៅរាជធានីភ្នំពេញ មានចំនួន ០៩ទូក ក្នុងនោះរួមមាន៖ ១. ចំប៉ាពិសីសែនជ័យ ,២. ពោធិ៍អណ្តែតធិបតីសែនជ័យ ,៣. ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង ,៤. តាអោកតេជោសែនជ័យបារមីកំពង់ស្បូវ ,៥. សែនសេរីមានជ័យ ,៦. ចតុលោកតេជោសែនជ័យបារមីវត្តចតុរលោក ,៧. ស្រីស្រស់ស្ទឹងសែន ,៨. តេជោសែនជ័យបារមីវត្តកងមាស ,៩. ច័ន្ទមណីគគីរមានជ័យ៕