អភិបាលខេត្តតាកែវ ចុះពិនិត្យទីតាំងបរិវេណជុំវិញបឹងតាកែវ ដើម្បីសិក្សាកែលម្អសោភ័ណភាព ត្រៀមរៀបចំពិធីបុណ្យទន្លេ ដែលគ្រោងរៀបចំអំឡុងខែមីនា ឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងដូនកែវ ចុះពិនិត្យបរិវេណជុំវិញបឹងតាកែវ ដើម្បីធ្វើការសិក្សាកែលម្អ ត្រៀមរៀបចំពិធីបុណ្យទន្លេ ដែលរដ្ឋបាលខេត្តនឹងរៀបចំនៅអំឡុង ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរក្រុងដូនកែវ និងរដ្ឋបាលព្រៃឈើខេត្ត និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ដាំកូនឈើប្រភេទកូនឈើទាលឱ្យបានច្រើនឡើងថែមទៀត នៅតាមបណ្តោយច្រាំងពីខាងកើតមាត់បឹងតាកែវ ពិសេសគឺសម្អាតផ្ទៃបឹងតាកែវ ឱ្យកាន់តែស្អាត ពោល គឺត្រប់ស្មៅ ត្រគៀតចេញឱ្យអស់ពីផ្ទៃបឹង ហើយធ្វើយ៉ាងណាត្រូវតែទប់ទឹកបឹងតាកែវ នេះកុំឱ្យរីង ហើយក៏ដើម្បីបង្កើនសោភ័ណភាពក្រុង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឱ្យចូលមកលេងកម្សាន្តកាន់តែច្រើនឡើងនៅក្រុងដូនកែវ ដែលជាមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏មានសារៈសំខាន់មួយរបស់ ខេត្តតាកែវ។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍ ៕