ក្រសួងកសិកម្ម ប្រកាសព័ត៌មានស្ដីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលជលផលនិងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ដោយមាន ការចូលរួមពីគណៈបញ្ជាការឯកភាពខេត្ត ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធបានទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល ទូទាំងប្រទេស។
ក្រសួងបន្តថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល សម្រេចបានលទ្ធផលសរុប ១ ៥០៦ករណី ក្នុងនោះ រឹបអូស និងបំផ្លាញចោលវត្ថុតាងបាន ១ ៤១០ករណី បញ្ជូនទៅតុលាការ ៥៦ករណី ជនល្មើសជាប់ពន្ធនាគារ ១៥នាក់ និង ពិន័យអន្តរការណ៍ ៤០ករណី ស្មើទឹកប្រាក់ពិន័យ ១៦១ ៦៩១ ០០០ រៀលគត់។ វត្ថុតាងបទល្មើសសំខាន់ៗដែលបាន រឹបអូសនិងបំផ្លាញចោល មានជាអាទិ៍៖ របាំងស្បៃមុងនិងសាច់អួនប្រវែង ៧៩២ ៩៣៨ម៉ែត្រ ឧបករណ៍ឆក់ត្រីចំនួន ៤៥៩គ្រឿង ក្នុងនោះ តាមរយៈការស្ម័គ្រចិត្តប្រគល់ចំនួន ១៦៥គ្រឿង អូនអូសទឹកសាបនិងអូនហ៊ុម ១០៦វង់ និង បង្ក្រាបទីតាំងផលិត ចែកចាយឧបករណ៍ឆក់ ៣កន្លែង ព្រមទាំងបានចាក់លែងកូនត្រីចម្រុះប្រមាណ ១០០លានក្បាល ស្មើនឹងជាង ៤០តោន ចូលក្នុងទៅក្នុងដែនទឹកធម្មជាតិវិញ។
ក្រសួងបន្ថែមថា តាមរយៈសមិទ្ធផលនេះ បរិមាណត្រីក្នុងធម្មជាតិចាប់ផ្តើមកើនឡើងគួរកត់សម្គាល់។ ទន្ទឹមនេះ សត្វផ្សោត ទន្លេមេគង្គក៏មានការកើនឡើងផងដែរ គឺពី ៩០ក្បាល នៅឆ្នាំ២០២២ ដល់ ១០៤ក្បាល គិតត្រឹមខែតុលាឆ្នាំ២០២៤។ ការកើនឡើងនូវធនធានជលផលនេះក៏ជាលទ្ធផលនៃការចូលរួមពីប្រជានេសាទនិងអ្នកពាក់ព័ន្ធនានា ដែលបានសហការ ផ្តល់ព័ត៌មាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ព្រមទាំងលែងប្រភេទវារីសត្វកម្រ ត្រីមេពូជចូលទៅក្នុងដែនទឹក ធម្មជាតិវិញ ដើម្បីថែរក្សាធនធានជលផលឱ្យបានគង់វង្ស។
ជាមួយគ្នានោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តចំពោះបងប្អូន ប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃ។ ក្នុងករណី បងប្អូនប្រជាពលរដ្ឋ ប្រទះឃើញបទល្មើសនេសាទ សូមមេត្តាសហការផ្តល់ព័ត៌មានដល់មន្ត្រីជលផលឱ្យបានទាន់ពេលវេលា តាមរយៈទូរសព្ទលេខ៖ ០១២ ៩១១ ៤១១/០៩៩ ៧៩១ ១៩១៩/ ០១២ ៧៧៨ ៩៦៨/០១១ ៥២២ ២២៦។
ក្រសួងកសិកម្មបានបញ្ជាក់ថា ការថែរក្សា ការពារ និងអភិរក្សធនធានជលផល ធ្វើឡើងដើម្បីធានានូវនិរន្តរភាពធនធានជលផលក្នុងធម្មជាតិ និងនិរន្តរភាពស្បៀងសម្រាប់ប្រជាជនកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ វាក៏រួមចំណែកលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិក្នុងការងារអភិរក្សធនធានជលផលដ៏កម្រ ដែលសឹងតែបាត់បង់ ឬបានបាត់បង់រួចទៅហើយនៅ ប្រទេសមួយចំនួនលើសកលលោក៕