ក្រសួងការងារ ប្រគល់ឧបករណ៍ឌីជីថលដល់ក្រុមអធិការកិច្ចការងារ
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អុិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ឧបករណ៍ឌីជីថលដល់ក្រុមអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ថ្លែងនៅក្នុងពិធីប្រគល់នេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការប្រគល់ឧបករណ៍ឌីជីថលដល់មន្រ្តីអធិការកិច្ចការងារនៅពេលនេះ គឺជាការធ្វើទំនើបកម្មដល់មន្រ្តីរាជការក្រសួង ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនៃដំណើរការនីតិវិធីរបស់មន្រ្តីអធិការកិច្ច ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ប្រតិបត្តិការការងារប្រចាំថ្ងៃផងដែរ។
ឯកឧត្តម អុិន ខេមរា បានស្នើដល់មន្រ្តីអធិការកិច្ចឱ្យត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យបានស្ទាត់ជំនាញដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលនៃប្រព័ន្ធឌីជីថល ដែលបច្ចុប្បន្នកំពុងដើរតួនាទីសំខាន់នៅក្នុងកិច្ចការធំៗរបស់ក្រសួងស្ថាប័ននានានៅកម្ពុជា។ ការប្រើប្រាស់ឧបករណ៍ឌីជីថលនៅក្នុងកិច្ចការងារប្រចាំថ្ងៃ គឺមានផលចំណេញជាច្រើនទាំងពេលវេលា និងភាពច្បាស់លាស់ នៅក្នុងរបាយការណ៍នីមួយៗផងដែរ៕