ប្រកាសចូលកាន់មុខតំណែងថ្មី ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកាន់ មុខតំណែងថ្មីដល់លោកវង់ ឡូ ជាប្រធាន មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានព្រមទាំងមន្ត្រីរាជការ នៃមន្ទីរ ធនធានទឹក និងឧតុនិយមជាច្រើនរូប។
ថ្លែងក្នុងអង្គពិធី លោកជំទាវ អនុរដ្ឋលេខាធិការ មានប្រសាសន៍ថា ពិធីប្រកាសចូលកាន់មុខតំណែងនា ថ្ងៃ នេះគឺ ពិតជាមានសារសំខាន់ដែលបាន ឆ្លុះបញ្ចាំងពី ការទទួល ស្គាល់ និងការយកចិត្តទុកដាក់ខ្ពស់ របស់ ថ្នាក់ដឹក នាំ ក្រសួងធនធានទឹក និង ឧតុនិយម ក៏ ដូចជារាជរដ្ឋាភិបាលកម្ពុជា ចំពោះមន្ត្រីរាជការដែលមានគុណវុឌ្ឍិ សមត្ថភាព ស្នាដៃ ឆន្ទៈ និងខិត ខំ ប្រឹងប្រែងក្នុង ការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ស្របតាម គោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌ នៃការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់អភិបាលកិច្ច ប្រសិទ្ធភាពការងារ និង ការផ្ដល់សេវាសាធារណ:កាន់តែប្រសើរ ។
ទន្ទឹមនឹងនេះ លោកជំទាវអនុ រដ្ឋលេខាធិការ ក៏ បានផ្តាំផ្ញើដល់ប្រធាន មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ លោក វង់ ឡូ ដែលទើបទទួលបានការតែងតាំងថ្មី សូមបន្តខិតខំបំពេញភារកិច្ចដែល ថ្នាក់លើប្រគល់ ជូនឱ្យ អស់ពីកម្លាំងកាយចិត្តនិងបន្តដឹកនាំ មន្ទីរឱ្យ កាន់តែរីកចម្រើនថែមទៀត ដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងល្អ ជាមួយមន្ទីរ អង្គភាព ជុំវិញខេត្តជាពិសេស ជាមួយអាជ្ញាធរ ដែនដី គ្រប់លំដាប់ថ្នាក់ព្រមទាំងដៃគូអភិវឌ្ឍនានា។
សូមបញ្ជាក់ថា លោក វង់ ឡូ ត្រូវបាន តែងតាំងជា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ជំនួសលោក យូ ឡា ដែលត្រូវបានផ្ទេរភារកិច្ច ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងធនធានទឹក និង ឧតុនិយមវិញ៕