ក្រុមហ៊ុនរបស់បារាំងស្វែងយល់អំពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសផ្ដោតលើវិស័យថាមពលកកើតឡើងវិញ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក François Corbin អនុប្រធានសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) និងរៀបចំជំនួបផ្គូរផ្គងធុរកិច្ចរវាងក្រុមហ៊ុនកម្ពុជា-បារាំង ចំនួន១០ក្រុមហ៊ុន។
ជំនួបនាឱកាសនេះត្រូវបានរៀបចុះឡើងក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់លើកិច្ចសហការនានារវាងកម្ពុជានិងបារាំងលើការងារបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជំនាញរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងគោលដៅបង្កើនអ្នកមានជំនាញក្នុងស្រុកឱ្យបានជាអតិបរិមា ចូលរួមការប្រកួតប្រជែងក្នុងផលិតកម្មការងារ។
ក្នុងកិច្ចប្រជុំនេះដែរ ក្រុមហ៊ុនរបស់ប្រទេសបារាំងក៏បានស្វែងយល់អំពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសផ្ដោតលើវិស័យថាមពលកកើតឡើងវិញ និងការលើកកម្ពស់ការតភ្ជាប់នៅទូទាំងប្រទេស។ បន្ថែមពីនេះ អង្គប្រជុំក៏បានរៀបចំផ្គូរផ្គងវិនិយោគិនបារាំង និងកម្ពុជា ដែលមានសក្ដានុពលលើវិស័យផ្សេងៗគ្នា។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចជូនដល់វិនិយោគិន អំពីស្ថានភាពសុខសន្តិភាព ស្ថិរភាពរបស់កម្ពុជា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ទម្រង់ ដែលបាននិងកំពុងផ្ដល់លទ្ធភាពជូនវិនិយោគិនរបស់ប្រទេសបារាំងកាន់តែមានភាពងាយស្រួលក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតផងដែរ៕