ក្រុមហ៊ុនចំនួន៤របស់ឆែក មានចំណាប់អារម្មណ៍នឹងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បត្តិ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Jiří Kozák អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋឆែក។
ក្រោមការទទួលយ៉ាងកក់ក្ដៅពីក្រសួងការបរទេសនៃសាធារណរដ្ឋឆែក ក្នុងកិច្ចពិភាក្សានាឱកាសនេះភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍អំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការងារនានាសម្រាប់ពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ពិសេសតាមរយៈកិច្ចការងារវិនិយោគឯកជន។
តាមរយៈជំនួបនេះក៏មានការលើកឡើងអំពីក្រុមហ៊ុនចំនួន៤របស់ឆែក ដែលកំពុងមានចំណាប់អារម្មណ៍នឹងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យមានជាអាទិ៍ការផលិតឧបករណ៍វេជ្ជសាស្រ្ត ការសិក្សាស្រាវជ្រាវ និងការផលិតទឹកស្អាតជាដើម៕