យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើង ភាគនិរតីប្រទេសប៉ាគីស្ថាន
អ៉ីស្លាម៉ាបាដ៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើង ទីក្រុង Quetta ភាគនិរតីនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃសៅរ៍ ទី៩ វិច្ឆិកា ឆ្នាំ ២០២៤។
លោក Mouzzam Jah Ansari អធិការនគរបាលខេត្ត Balochistan និយាយថា គិតមកទល់ពេលនេះ មានមនុស្ស ២៤នាក់ស្លាប់ដោយការបំផ្ទុះនៅស្ថានីយ៍រថភ្លើង ដែលជាធម្មតាមានមនុស្សច្រេីន នៅពេលព្រឹក។ វាជាការកំណត់គោលដៅ លេីបុគ្គលិក កងទ័ព មក ពី សាលា កងទ័ពជេីងគោក ហេីយអ្នក របួស ជាច្រើន ស្ថិតក្នុង ស្ថានភាព ធ្ងន់ធ្ងរ។
ប៉ូលិសជាន់ខ្ពស់ លោក Muhammad Baloch បាននិយាយថា ការបំផ្ទុះនេះហាក់ដូចជាគ្រាប់បែកអត្តឃាត ហើយការស៉េីបអង្កេតកំពុងដំណើរកា។ តាមអ្នកនាំពាក្យមន្ទីរពេទ្យ រហូតមកដល់ពេលនេះ អ្នករងរបួសចំនួន ៤៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស៉ីវិល។ កងទ័ពបំបែកខ្លួន Baloch (BLA) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ក្នុងសារអ៉ីម៉ែលមួយមកកាន់ Reuters។
គួរបញ្ជាក់ថា ប៉ាគីស្ថាន កំពុងប្រឈមមុខនឹងការកើនឡើង នូវការវាយប្រហារ ពីសំណាក់ក្រុមបំបែកខ្លួន ក្នុងខេត្ត Balochistan នៅភាគខាងត្បូង ក៏ដូចជាក្រុមសកម្មប្រយុទ្ធផ្សេងទៀតនៅភាគពាយព្យ។ ការបះបោរអាយុកាលរាប់ទសវត្សរ៍មកហេីយនេះ ធ្វើឱ្យខេត្ត Balochistan មានអស្ថិរភាព និងបង្កើតការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ជុំវិញគម្រោងចូលប្រើប្រាស់ធនធានធម្មជាតិដែលមិនទាន់បានប្រើប្រាស់របស់ខេត្ត៕