យ៉ាងហោចណាស់មនុស្ស ២៦នាក់បានស្លាប់ និង ១៩នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភាគខាងកើត និងភាគខាងត្បូង នៃប្រទេសលីបង់
បេរូត៖ យ៉ាងហោចណាស់មនុស្ស ២៦នាក់បានស្លាប់ និង ១៩នាក់ផ្សេងទៀតបានរងរបួសកាលពីរសៀលថ្ងៃសៅរ៍ នៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ដែលធ្វើឡើងដោយយន្តហោះចម្បាំងអ៊ីស្រាអែល ទៅលើទីក្រុង និងភូមិនានានៅភាគខាងកើត និងភាគខាងត្បូងប្រទេសលីបង់ នេះបើយោងតាមប្រភពផ្លូវការ និងយោធានៅក្នុងប្រទេសលីបង់។
ប្រភពយោធាលីបង់ដែលបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ស៊ីនហួថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសចំនួន១៩ លើទីប្រជុំជន និងភូមិនានានៅភាគខាងត្បូងប្រទេសលីបង់ និងការវាយឆ្មក់ចំនួន១២ លើភូមិ និងទីប្រជុំជននៅភាគខាងកើតប្រទេសលីបង់។
ការវាយឆ្មក់របស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់បានសម្លាប់គ្រូពេទ្យយ៉ាងហោចណាស់ប្រាំមួយនាក់ និងរបួសជនស៊ីវិល ៥នាក់ ខណៈដែលចំនួនអ្នកស្លាប់នៅភាគខាងកើតលីបង់កើនឡើងដល់ ២០នាក់ និងរបួសដល់ ១៤នាក់ នេះបើយោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈដែលមានទំនាក់ទំនងជាមួយក្រសួងសុខាភិបាលសាធារណៈ។
ទន្ទឹមនឹងនេះដែរ ក្រុមហេសបូឡាហ៍បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានកំណត់គោលដៅជាលើកដំបូង រោងចក្រយោធា Malam ភាគខាងត្បូងទីក្រុង Tel Aviv ជាមួយនឹងគ្រាប់មីស៊ីល។
ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញាមក កងទ័ពអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនលើប្រទេសលីបង់ក្នុងការកើនឡើងនៃជម្លោះជាមួយក្រុមហេសបូឡា។
យោងតាមក្រសួងសុខាភិបាលនៃប្រទេសលីបង់ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់ ៣,១៣៦នាក់ ហើយអ្នករងរបួសបានកើនឡើងដល់ ១៣,៩៧៩នាក់។