លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី «ការបញ្ជ្រាបចំណេះដឹងយេនឌ័រ» ដល់ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ភំ្នពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះ បណ្តាលស្តីពី «ការបញ្ជ្រាបចំណេះដឹងយេនឌ័រ» ដល់ លោក លោកស្រី ជាក្រុមការងារយេនឌ័រ និងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ តាមបណ្តានាយកដ្ឋាន-អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះគណៈអធិបតី និងសិក្ខាកាមដែលបានចូលរួមក្នុងបីធីបិទវគ្គបណ្តុះបណ្តាលនាពេលនេះ។
លោកជំទាវ ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានលើកយកពីតួនាទីភារកិច្ចរបស់ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ២ចំណុច សំខាន់រួមមាន ៖ ទី១-សម្របសម្រួលការបញ្រ្ជាបយេនឌ័រ ក្រុមការងារយេនឌ័រ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្របតាមផែនការយុទ្ធសាស្រ្តគោលនយោបាយកម្មវិធីជាតិនានាទៅតាមបណ្តាអង្គភាពរបស់ខ្លួន ដើម្បីធានាពីការបំពេញតួនាទីភារកិច្ចដោយសមធម៌ និងទី២-ធ្វើការផ្សព្វផ្សាយនូវផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ផ្សព្វផ្សាយចំណេះដឹង បង្កើនការយល់ដឹងឲ្យបានទូលាយដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ និងពង្រឹងសមត្ថភាពមន្រ្តី ដើម្បីបង្កើនភាពអង្គអាច និងលើកទឹកចិត្តតួនាទីរបស់ខ្លួននៅក្នុងការធ្វើសម្រេចចិត្តពាក់ព័ន្ធទៅនឹងការងារយេនឌ័រផងដែរ។
លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំដែលជាសិក្ខាកាមស្តីពីគោលបំណងសំខាន់នៃការបញ្រ្ជាបយេនឌ័រនាពេលនេះ គឺការសម្រេចបាននូវសមធម៌យេនឌ័រ។ សមធម៌យេនឌ័រដែលសំខាន់ជាងគេនោះគឺ ទី១-ពង្រឹងឡើងវិញនូវបទដ្ឋានសង្គម ការឲ្យតម្លៃ ឥរិយាបថរបស់យើង ដែលក្នុងនោះរួមមាន ការបង្កើនការយល់ដឹង និងផ្សព្វផ្សាយឲ្យបានទូលាយពីការខាតបង់ដែលបណ្តាលមកពីវិសមភាពយេនឌ័រ និងទី២-តើសមភាពយេនឌ័រអាចសម្រេចទៅបានដោយពិនិត្យទៅលើចំណុចអ្វី? គឺច្បាប់ និងគោលនយោបាយត្រូវបានធានាថា ដាក់បញ្ចូលនូវតម្រូវការចាំបាច់ឬកង្វល់ដែលនាំឲ្យមានភាពសមភាព សមធម៌ ធានាថាបុរស និងនារីចូលរួមដោយស្មើភាព ដើម្បីទទួលបានដូចគ្នានូវឱកាស ផលប្រយោជន៍ និងការគោរពសិទ្ធិដោយគ្មានការរើសអើង។
ជាថ្មីម្តងទៀត លោកជំទាវ ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះអ្នកគ្រូឧទ្ទេសទាំងពីររូបដែលបានខិតខំយកអស់កម្លាំងកាយកម្លាំងចិត្តប្រាជ្ញាស្មារតីចែករំលែកពីចំណេះដឹង និងបទពិសោធន៍ ដល់លោក លោកស្រីជាសិក្ខាកាមទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះទេ គឺខិតខំខ្នះខ្នែងរិះរកវិធីសាស្រ្តបង្រៀនដើម្បីញាំងឲ្យសិក្ខាកាមទទួលបានចំណេះដឹង ដែលស្តែងចេញឲ្យមានចំងល់ ជជីកសួរ ជជែកវែកញែកយ៉ាងផុសផុល និងបានចូលរួមផ្តល់នូវធាតុចូលយ៉ាងសំខាន់ និងផ្តល់ជាបទពិសោធន៍ និងការរៀបចំខ្លឹមសារនៃមេរៀន «ការបញ្ជ្រាបចំណេះដឹងយេនឌ័រ» នេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ៕