រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីប្រណាំងទូក «ង» ប្រគុំតន្ត្រីខ្នាតយក្ស និងបាញ់កាំជ្រួច ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិ និងផ្តល់ភាពសប្បាយរីករាយជូនពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងទូក «ង» ប្រគុំតន្ត្រីខ្នាតយក្ស ស្តង់តាំងពិពរណ៍ និងបាញ់កាំជ្រួច នៅអាងទឹកតាវ៉ាន់ (ទន្លេសិប្បនិម្មិត) នៅទីរួមខេត្ត ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំឡើងរយៈពេលពេញ១ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៤នេះ ត្រូវបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយជាអណេក និងទទួលបានការសារទរពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ព្រឹត្តិការណ៍ដ៏សប្បាយកងរំពងយ៉ាងអធិកអធមនេះ ធ្វើឡើងដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិ និងផ្តល់ភាពសប្បាយរីករាយជូនពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។ ក្នុងនោះប្រព្រឹត្តិទៅដោយមានពិធីក្រុងពាលី ពិធីបើកការប្រកួត និងប្រគល់ពានរង្វាន់ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ។
ពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអ្នកឧកញ៉ា សំអាង វឌ្ឍន: ម្ចាស់ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងអភិបាលរងខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំសាលាខេត្ត ស្ថាប័នតុលាការ កងកម្លាំងទាំង០៣ មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃ ក្រុមកីឡាករចំណុះទូក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្នុងរយៈពេញ១ថ្ងៃពេញនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំការប្រណាំទូក «ង» នៅពេលថ្ងៃ និងពេលរាត្រី មានកម្មវិធីប្រគំតន្រ្តីខ្នាតយក្ស បាញ់កាំជ្រូច ព្រមទាំងមានស្តង់លក់ផលិតផលជាច្រើនផ្សេងៗទៀត ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីបុណ្យអុំទូកនេះ។
ដើម្បីបង្កលក្ខណៈឲ្យកាន់តែសប្បាយរីករាយ និងរក្សាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលមកទស្សនា ឯកឧត្តមអភិបាលខេត្ត បានរៀបចំកងកម្លាំងក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីសម្រួលទិសដៅចរាចរណ៍ ជាពិសេសបានការរៀបចំតាំងល្អ ភ្លើងព័ណចម្រុះនៅតាមផ្លូវសាធារណៈ ទីធ្លាកំសាន្តបន្ថែមទៀតផងដែរ។
ទន្ទឹមនោះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានណែនាំដល់បងប្អូនកីឡាករចំណុះទូកទាំងអស់ ត្រូវចាត់ទុកថា ពិធីបុណ្យប្រណាំងទូកនេះ មិនមែនជាការចង់ឈ្នះ ចង់ចាញ់យករង្វាន់អ្វីនោះទេ តែជាការចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិដ៏ល្អរបស់យើងឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់កីឡាករ កីឡាការិនីចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស ក្នុងន័យប្រគួត ដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ ថែរក្សាបាននូវប្រពៃណីដ៏ល្អផូផង់របស់ជាតិយើង។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការរៀបចំពិធីនេះ ឡើងប្រកបទៅដោយភាពរលូន និងសប្បាយរីករាយ។
សូមជម្រាបថា ជាលទ្ឋផលការប្រកួតប្រណាំងទូកងខ្នាតអន្តរជាតិ៖
-ចំណាត់ថ្នាក់លេខ១ បានទៅលើកទូក «ង» ឈ្មោះ ក្រុមប្រឹក្សាខេត្ត អន្លង់ជ្រៃបារមីដម្កល់រាជ ជាទូកងរបស់ក្រុមប្រឹក្សាខេត្ត ទទួលបានពានធំ១ ទង់ជ័យលាភី១ ថវិកាចំនួន ៤លានរៀល និងភេសជ្ជៈ។
-ចំណាត់ថ្នាក់លេខ២ ទូក «ង» ឈ្មោះ ស្នងការត្បូងឃ្មុំសែនជ័យ ជាទូកងរបស់ស្នកការនគរបាលខេត្ត ទទួលបាន ទង់ជ័យលាភី១ ថវិកាចំនួន ៣,៥លានរៀល និងភេសជ្ជៈ។
-ចំណាត់ថ្នាក់លេខ៣ ទូក «ង» ឈ្មោះ តេជោសែនជ័យបារមីត្បូងឃ្មុំ ជាទូកងរបស់មន្ទីរព័ត៌មាន មន្ទីរកិច្ចការនារី និងមន្ទីរទេសចរណ៍ខេត្ត ទទួលបាន ទង់ជ័យលាភី១ ថវិកាចំនួន ៣លានរៀល និងភេសជ្ជៈ។
-ចំណាត់ថ្នាក់លេខ៤ ទូក «ង» ឈ្មោះ តំបែរធិបតីបារមីតេជោ ជាទូកងរបស់រដ្ឋបាលស្រុកតំបែរ ទទួលបានទង់ជ័យលាភី១ ថវិកាចំនួន ២លានរៀល និងភេសជ្ជៈ។ ដោយឡែក ទូកងចំនួន ២៧ទូក ដែលមិនបានជាប់ចំណាត់ថ្នាក់ ទទួលបានថវិការ ១លានរៀល និងភេសជ្ជៈមួយចំនួនផងដែរ ៕