សម្តេចធិបតី ណែនាំរដ្ឋបាលខេត្តកែប យកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ គ្រប់គ្រង និងលុបបំបាត់កុំឱ្យមានវត្តមានសង្គមងងឹត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំរដ្ឋបាលខេត្តកែប យកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ គ្រប់គ្រង និងលុបបំបាត់កុំឱ្យមានវត្តមានសង្គមងងឹត ចោរកម្ម និងអំពើឆក់ប្លន់ផ្សេងៗ។
សម្តេចធិបតី បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅភូមិអ្នេរអង្កោល ឃុំឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានណែនាំឱ្យរដ្ឋបាលខេត្តកែប ត្រូវយកចិត្តទុកដាក់លើការកែលំអរសោភណភាពខេត្ត ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនគរូបនីយកម្មឱ្យបានច្បាស់លាស់ និងឱ្យយកចិត្តទុកដាក់រៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងអនាម័យឱ្យបានល្អ។
បន្ថែមពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំរដ្ឋបាលខេត្តកែប យកចិត្តទុកដាក់កែច្នៃ និងបង្កើតផលិតផលទេសចរណ៍ក្នុងខេត្តឱ្យបានច្រើនផងដែរ៕