សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលនៅខេត្តសៀមរាប
ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈអភិបាលខេត្តសៀមរាប, អាជ្ញាធរមូលដ្ឋាន, សមាគម CATA, បងប្អូនសហគមន៍ សរុបចំនួន ៧០ រូប ដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋ, ចុះពិនិត្យទិដ្ឋភាពពិតជាក់ស្តែងនៅគោលដៅទេសចរណ៍ធម្មជាតិកំពង់ភ្លុក, ពិនិត្យហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ និងបរិស្ថានជុំវិញ ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពររបស់លោកប្រធានសហគមន៍ លោកមេឃុំ ក៏ដូចជាបងប្អូនអុំទូកនៅក្នុងសហគមន៍ដែលភាគច្រើនជាស្ត្រី ក្នុងគោលដៅស្វែងរកនូវដំណោះស្រាយរួមគា្នដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិចូលទស្សនាកម្សាន្តនៅគោលដៅទេសចរណ៍កំពង់ភ្លុក ឱ្យបានកាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ជូនផងដែរថាភ្ញៀវទេសចរអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅតាមមាត់បឹងទន្លេសាប, ទស្សនាផ្ទះសង់ខ្ពស់ៗ នៅលើផ្ទៃទឹក, អុំទូកទស្សនាក្នុងភូមិ, ទស្សនាព្រៃលិចទឹក, ទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ, ភោជនីយដ្ឋានបណ្តែតទឹក, បែចិញ្ចឹមត្រី ជាពិសេសផ្តិតយកនូវរូបភាពស្អាតៗទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹងទន្លេសាប ៕