លោក Kittiratt Na-Ranong ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលថៃ
បាងកក៖ ប្រទេសថៃគ្រោងតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Kittiratt Na-Ranong ជាប្រធានថ្មីនៃធនាគារកណ្តាលថៃ ពោលគឺជាសញ្ញាមួយដែលបង្ហាញថា រដ្ឋាភិបាលកំពុងព្យាយាមរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើធនាគារកណ្តាល ដែលខ្លួនមានជម្លោះជាមួយជុំវិញគោលនយោបាយរូបិយវត្ថុនិងគោលដៅអតិផរណា។
ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីការតែងតាំងនេះថា លោក Kittiratt ដែលជាអ្នករិះគន់ទៅលើគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល និងជាអតីតសមាជិកនៃគណបក្សភឿថៃដែលកំពុងកាន់អំណាចត្រូវបានជ្រើសរើសជាប្រធានថ្មីនៅក្នុងកិច្ចប្រជុំជិតប្រាំម៉ោងរបស់ក្រុមជ្រើសរើសកាលពីថ្ងៃចន្ទ។ កន្លងមក សារព័ត៌មានថៃក៏បានចុះផ្សាយថា លោក Kittiratt ត្រូវបានជ្រើសរើសផងដែរ។
លោក Sathit Limpongpan ប្រធានគណៈកម្មាធិការជ្រើសរើសប្រធានថ្មីនៃធនាគារកណ្តាលថៃបាននិយាយថាការសម្រេចចិត្តត្រូវបានធ្វើឡើងនៅថ្ងៃចន្ទ។
លោកមិនបានបង្ហាញថា អ្នកណាត្រូវបានជ្រើសរើសទេ តែលោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា គណៈរដ្ឋមន្ត្រីថៃ និងព្រះមហាក្សត្រថៃនឹងត្រូវអនុម័តសេចក្តីសម្រេចនេះ។
លោក Kittiratt បានរិះគន់អាជ្ញាធររូបិយវត្ថុថៃចំពោះការមិនបញ្ចុះអត្រាការប្រាក់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅពេលដែលលោកបានបម្រើការងារជាទីប្រឹក្សាសេដ្ឋកិច្ចរបស់អតីតនាយករដ្ឋមន្ត្រី លោក Srettha Thavisin មុនពេលបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីកាលពីដើមឆ្នាំនេះ។ នៅពេលដែលលោក Kittiratt ជារដ្ឋមន្ត្រីហិរញ្ញវត្ថុនៅក្នុងគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលអ្នកស្រី Yingluck Shinawatra នៅក្នុងឆ្នាំ២០១៣ លោកក៏បានដាក់សម្ពាធជាសាធារណៈទៅលើប្រធានធនាគារកណ្តាលលោក Prasarn Trairatvorakul ឱ្យកាត់បន្ថយអត្រាការប្រាក់ផងដែរ។
សេដ្ឋវិទូ Euben Paracuelles បានឲ្យដឹងថា ប្រសិនបើមែន ការតែងតាំងនេះនេះអាចបង្កើនហានិភ័យនៃការកាត់បន្ថយអត្រាការប្រាក់កាន់តែច្រើនធៀបនឹងការព្យាកររបស់ក្រុមហ៊ុន Nomura Holdings Inc. ដែលថានឹងមានការទម្លាក់អត្រាការប្រាក់ចំនួន ២៥ពិន្ទុមូលដ្ឋាន ឬស្មើនឹង ០,២៥ភាគរយនៅក្នុងខែធ្នូ។