ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែមកនេះ
ភ្នំពេញ៖ រយៈពេល១០ខែ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារអាមេរិក ដែលបង្កើតបានឱកាសការងាររហូតដល់ ២៦៨,២៤២កន្លែង។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ច សម្រាប់ថ្នាក់ដឹកនាំ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតកម្ពុជា ដែលកំពុងបំពេញបេសកកម្ម ការទូតទូទាំងពិភពលោក។
ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា បានបញ្ជាក់ថា រយៈពេល១០ខែ ឆ្នាំ២០២៤ កំណើនគម្រោងវិនិយោគ មានសន្ទុះរហូតដល់ ៣៤៦គម្រោង និងមានទុនវិនិយោគប្រមាណ ជាង៥ពាន់លានដុល្លារអាម៉េរិក ដែលបង្កើតបានឱកាសការងារ រហូតដល់ ២៦៨,២៤២កន្លែង។
បន្ថែមពីនោះទៀត ឯកឧត្តមបណ្ឌិត បានឲ្យដឹងថា រវាងខែមករា-តុលា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២២៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង៤ពាន់លានដុល្លារអាមេរិក ដែលបង្កើតបានឱកាសការងារចំនួន ២៦០,៤៧០កន្លែង។
ក្នុងសិក្ខាសាលាខាងលើនេះ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា បានផ្តល់កិត្តិយសអញ្ជើញចូលរួម ជាវាគ្មិនចែករំលែកព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការវិនិយោគផ្ទាល់ ពីបរទេសមកកម្ពុជា និងខ្លឹមសារគន្លឹះពាក់ព័ន្ធនឹង «គោលនយោបាយ និងលិខិតុបករណ៍គតិយុត្តសំខាន់ៗ សម្រាប់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស»។
ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា បានជម្រាបជូនទៅអង្គពិធីអំពីសារសំខាន់ នៃការបញ្ជ្រាបព័ត៌មាន ជូនដល់វិនិយោគិនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ភាពបើកចំហរ នៃរបបវិនិយោគ ការធានា និងការការពារវិនិយោគ ព្រមទាំងរបបលើកទឹកចិត្តដ៏ទូលំទូលាយ ចំពោះវិស័យ និងសកម្មភាពវិនិយោគជាច្រើន។
ឯកឧត្តមបណ្ឌិតបន្ដថា ការលើកទឹកចិត្តដ៏ទូលំទូលាយ ខាងលើនេះ ដោយមានកំណត់ច្បាស់ នៅក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលជាឯកសារគោល សម្រាប់ផ្តល់នូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការសម្រេចចិត្តវិនិយោគនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ក៏បានរំលេចផងដែរ អំពីសក្តានុពលទីផ្សារប្រទេស ក្នុងតំបន់អាស៊ាន, ទីផ្សាតំបន់អាសិប, ទីផ្សាប្រទេសកូរ៉េខាងត្បូង, ទីផ្សាប្រទេសចិន និង ទីផ្សាអេមីរ៉ាតអារ៉ាប់រួម ដែលវិនិយោគិន អាចនាំចេញនូវផលិតផលដែលផលិតនៅកម្ពុជា ទៅកាន់ទីផ្សារទាំងនេះ ដោយអត្រាពន្ធសូន្យ ឬអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានឆ្លៀតជម្រាបជូនទៅអង្គសិក្ខាសាលាផងដែរ អំពីស្ថានភាពការចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយការធ្វើបទបង្ហាញ ការប្រៀបធៀប តួរលេខជាក់ស្តែងនៃកំណើនការអនុម័តគម្រោងវិនិយោគ និងទុនវិនិយោគក្នុងអំឡុង១០ខែ នៃឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ ៕