រយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ជាង២១ពាន់លានដុល្លារ កើនឡើង១៦%
ភ្នំពេញ៖ ក្នុងរយៈពេលជាង១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ២១.៥ពាន់លានដុល្លារ កើនឡើង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យដដែលនេះបានបង្ហាញថា ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ ៤៥ពាន់លាន់ដុល្លារ មានកំណើន១៦.៥%។ កម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ២១.៥ពាន់លាន់ដុល្លារ កើនឡើង ១៦% ខណៈការនាំចូលមកវិញមានទំហំប្រាក់២៣.៥ពាន់លាន់ដុល្លារ កើនឡើង ១៧%។
សហរដ្ឋអាមេរិក នៅតែស្ថិតនៅជាប្រទេសនាំមុខ ដែលកម្ពុជានាំចេញទំនិញច្រើនជាងគេ បន្ទាប់មកប្រទេសវៀតណាម ចិន ជប៉ុន ថៃ កាណាដា អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ ហូឡង់បារាំង អ៊ីតាលី រួមនឹងប្រទេសមួយចំនួនទៀត។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញភាគច្រើន គឺសម្លៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិក ផលិតផលកសិកម្ម និងផលិតផលសំខាន់ៗមួយចំនួនទៀត។
ក្នុងឱកាសផ្តល់បទអន្តរាគមន៍នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីតួនាទីរបស់ពាណិជ្ជកម្មក្នុងដំណើរនៃការអភិវឌ្ឍរបស់កម្ពុជា ក្នុងកិច្ចប្រជុំលើកទី១០០ នៃអនុគណៈកម្មការក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសរំលេចពីផលប្រយោជន៍ពាណិជ្ជកម្ម ដែលកម្ពុជាទទួលបានតាមរយៈ WTO ដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការទទួលបានប្រព្រឹត្តិកម្មពិសេស និងដោយឡែក ការកសាងសមត្ថភាព និងជំនួយបច្ចេកទេស ប្រព័ន្ធទីផ្សារអនុគ្រោះពន្ធ និងទិសដៅនាំចេញផលិតផលរបស់កម្ពុជារហូតដល់ជាង ១៧០ប្រទេស។
កត្តាទាំងនេះ បានប្រែក្លាយកម្ពុជា ពីប្រទេសពឹងផ្អែកស្ទើរតែទាំងស្រុងលើផលិតផលកសិកម្ម ទៅជាប្រទេសនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ទោចក្រយាន គ្រឿងអេឡិចត្រូនិក បរិក្ខារ បង្គុំយានយន្ដ អង្ករ កៅស៊ូ សេវាកម្ម ទៅកាន់ទីផ្សារពិភពលោក។
បន្ថែមពីនេះលោកក៏បានលើកឡើងផងដែរ អំពីលទ្ធភាពនៃផលប៉ះពាល់ពាណិជ្ជកម្មមួយចំនួន ក្រោយកម្ពុជានឹងចាកចេញពីឋានៈប្រទេសLDC ក្នុងឆ្នាំ២០២៩ ខាងមុខ និងការត្រៀមខ្លួនរបស់កម្ពុជា តាមរយៈការបន្តការធ្វើកំណែទម្រង់ ការរៀបចំច្បាប់ និងគោលនយោបាយគាំទ្រដល់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ និងការផ្តួចផ្តើមនានា សំដៅឆ្លើយតប និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានណាមួយនាពេលខាងមុខ ៕