អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ ប្រមាណជិត៨០០នាក់។
ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យក្រុមកីឡាករទូកទាំងអស់ ត្រូវសហការសាមគ្គីគ្នាល្អក្នុងការអុំ ដើម្បីទទួលបានជ័យជំនះក្នុងព្រះរាជពិធីបុណ្យ អុំទូក អំបុក និង សំពះព្រះខែ នៅថ្ងៃស្អែកនេះ។ ដូច្នេះ កីឡាករទូកទាំងអស់ ត្រូវឯកភាពផ្ទៃក្នុង ឲ្យបានល្អកុំមានការប្រទូសសារាយគ្នា ទោះបីអុំទូកឈ្នះ ឬចាញ់ គឺសូមឲ្យមានសេចក្តីសុខទាំងអស់គ្នា។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា កីឡាករទាំអស់ត្រូវគោរពវិន័យ និងអនុវត្តឲ្យបានល្អតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងទូក ត្រូវថែទាំសុខភាពឲ្យបានល្អ ពេលមានបញ្ហាសុខភាព ត្រូវទៅព្យាបាល ជាមួយក្រុមគ្រូពេទ្យដែលប្រចាំការ ឲ្យបានទាន់ពេលវេលា។ ក្នុងពេលសំរាកស្នាក់នៅ និងក្រោយពេលស្នាក់នៅត្រូវមានអនាម័យល្អ និងបោសសំអាត ទីកន្លែងស្នាក់នៅឲ្យបានស្អាត មុនពេលត្រឡប់ទៅមូលដ្ឋានវិញ។
ជាមួយគ្នានេះ ឯកឧត្តម នួន ផារ័ត្ន ក៏បាននាំយកគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ជារបស់រដ្ឋបាលខេត្ត និងថវិកាមួយចំនួនជាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ជូនដល់ក្រុមកីឡាករទូកសម្រាប់ប្រើប្រាស់ផងដែរ។
សូមបញ្ជាក់ថា៖ ទូកដែលមានឈ្មោះចូលរួមពិធីប្រណាំងទូកនៅរាជធានីភ្នំពេញមានចំនួន៩ទូក ក្នុងនោះរួមមាន៖ ទី១.ចំប៉ាពិសីសែនជ័យ, ទី២. ពោធិ៍អណ្តែតធិបតីសែនជ័យ, ទី៣. ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង, ទី៤. តាអោកតេជោសែនជ័យបារមីកំពង់ស្បូវ, ទី៥. សែនសេរីមានជ័យ, ទី៦. ចតុលោកតេជោសែនជ័យបារមីវត្តចតុលោក, ទី៧. ស្រីស្រស់ស្ទឹងសែន, ទី៨. តេជោសែនជ័យបារមីវត្តកងមាស និងទី៩. ច័ន្ទមណី+គគីរមានជ័យ ៕