ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ
ហ្សាការតា៖ នៅថ្ងៃពុធនេះ ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសអូស្ត្រាលី ហុងកុង ឥណ្ឌា ម៉ាឡេស៊ី និងសិង្ហបុរី បានលុបចោលជើងហោះហើរទៅកាន់ និងមកពីកោះបាលី ដែលជារមណីយដ្ឋានរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្នំភ្លើងនៅក្បែរនោះបាន បក់បោកម្តងទៀតដោយភាយផេះ ១គីឡូម៉ែត្រឡើងទៅលើមេឃ ។
យន្តហោះរបស់ក្រុមហ៊ុន Jetstar, Qantas និង Virgin Australia របស់ប្រទេសអូស្ត្រាលី ទាំងអស់បានផ្អាកការហោះហើរបន្ទាប់ពីភ្នំ Lewotobi Laki-Laki នៅលើកោះ Flores បានផ្ទុះឡើងនៅចម្ងាយ ៩គីឡូម៉ែត្រកាលពីមួយថ្ងៃមុន ។
ក្រុមហ៊ុនអាកាសចរណ៍នេះបានឲ្យដឹងថា “ក្រុមហ៊ុនអាកាសចរណ៍ Virgin Australia បានធ្វើការផ្លាស់ប្តូរមួយចំនួន ចំពោះកាលវិភាគហោះហើរ នាពេលបច្ចុប្បន្នរបស់ខ្លួន ដោយសារតែផលប៉ះពាល់នៃ ភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី” ដោយបានរាយបញ្ជីជើងហោះហើរដែលបាន លុបចោលទៅកាន់ទីក្រុងស៊ីដនី និងម៊ែលប៊ន ។
ក្រុមហ៊ុន Jetstar បានឲ្យដឹងថា ជើងហោះហើរទាំងអស់ទៅ និងមកពីកោះបាលីនឹងត្រូវផ្អាករហូត ដល់ថ្ងៃត្រង់នៅថ្ងៃព្រហស្បតិ៍ ។
ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងការណែនាំមួយថា “ដោយសារតែផេះភ្នំភ្លើង ដែលបណ្តាលមកពីការផ្ទុះភ្នំភ្លើង Lewotobi នៅក្នុងប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នវាមិនមានសុវត្ថិភាពក្នុងប្រតិបត្តិការជើងហោះហើរទៅ និងមកពីកោះបាលីបាននោះទេ” ៕