មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)នៃក្រសួងពាណិជ្ជកម្ម សាខារាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ បានដឹកនាំមន្រ្តីជំនាញ និងក្រុមការងារចុះធ្វើការណែនាំអាជីវករ ក៏ដូចជាត្រួតពិនិត្យម្ហូបអាហារ និងភេសជ្ជៈនានា ដែលដាក់លក់តាមស្តង់នានាក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។ នេះបើតាមក.ប.ប. សាខារាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១ នៃការរៀបចំអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម បានសហជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទំនិញតាមបណ្តាស្តង់លក់ផលិតផលទំនិញ ម្ហូបអាហារនានា និងភេសជ្ជៈនានា ដែលអាចនឹងប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ក្នុងកំលុងមកលេងកម្សាន្តនេះ។ ជាមួយគ្នា មន្ត្រីជំនាញសាខា ក.ប.ប. ក៏បានពន្យល់ណែនាំអ្នកប្រកបអាជីវកម្ម លក់រាយ និងតាមស្តង់ដែលតាំងលក់ម្ហូបអាហារ និងសម្ភារប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះឱ្យបានយល់ដឹងដូចគ្នា ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
មួយវិញទៀត មន្ត្រីជំនាញក៏បានពន្យល់ អប់រំ ណែនាំ ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ នាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងទំនិញម្ហូបអាហារ និងការពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។ គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃដំបូងបានប្រព្រឹត្តទៅដោយរលូន និងអធិកអធម ដោយមានការប្រណាំងទូក ការបាញ់កាំជ្រួចអបអរសាទរ ជាពិសេសមិនមានបញ្ហាណាមួយបានកើតឡើង ជាបញ្ហាប្រឈមខ្លាំងក្នុងកម្មវិធី ទាំងម្ហូបអាហារ ភេសជ្ជៈ ឬបញ្ហាមួយចំនួនទៀតនោះទេ៕