ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ នៅទីតាំងស្នាក់នៅរបស់កីឡាករកីឡាករិនីទូក នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្តម បានបន្តណែនាំដល់កីឡាករអុំទូកទាំងអស់មកពីខេត្តក្រចេះ ត្រូវរួមសាមគ្គីភាពគ្នា ត្រូវគោរពឱ្យបាននូវវិន័យ សេចក្តីថ្លៃថ្នូរ និងស្ដាប់នូវការណែនាំរបស់គណៈកម្មការ។
ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារ បានថ្លែងបន្តថា ការចូលរួមប្រណាំងទូករបស់បងប្អូនខេត្តក្រចេះដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាបង្ហាញពីសាមគ្គីភាពជាតិខ្មែរក្រោមម្លប់នៃសុខសន្តិភាព និងដើម្បីបង្ហាញដល់ភ្ញៀវបរទេសបានឃើញនូវទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រទេសកម្ពុជាយើង។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងកីឡា ចាញ់ឈ្នះជារឿងធម្មតា អ្វីដែលសំខាន់គឺបង្កើតភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងអ្នកដែលបានអញ្ជើញមកទស្សនាផ្ទាល់នៅមុខព្រះបរមរាជវាំង និងបងប្អូនប្រជាពលរដ្ឋដែលបានតាមដានការផ្សាយផ្ទាល់ និងបន្តផ្ទាល់នៅតាមកញ្ចក់ទូរទស្សន៍៕