លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពោលគឺថ្ងៃទី១៥ វិច្ឆិកា នៅរាជធានីភ្នំពេញមានភ្ញៀវទេសចរអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាកម្សាន្ត ប្រមាណ ២លាន ២សែននាក់។
លោកអភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន HOT News Asia នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ថ្ងៃទី២ នៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤៖
-ទេសចរជាតិ៖ ២,២១១,០០០នាក់
-ទេសចរបរទេស៖ ១១,០០០នាក់
-ទេសចរសរុប៖ ២,២១១,០០០នាក់។
លោកអភិបាលរងរាជធានីភ្នំពេញ បានវាយតម្លៃថា ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បានប្រព្រឹត្តទៅដោយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពពីគណៈបញ្ជាការការពារស្របតាមផែនការដែលបានដាក់ចេញ។
លោក កើត ឆែ បានបន្ថែមថា សម្រាបគោលដៅទេសចរណ៍រួមមាន៖ ខណ្ឌដូនពេញ ជ្រោយចង្វារ ឬស្សីកែវ ចំការមន និងខណ្ឌច្បារអំពៅ ៕