ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ
ហាណូយ៖ ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងត្រូវចូលរួមពិព័រណ៍អាវុធមួយដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសវៀតណាម នៅខែក្រោយនេះ ដែលនេះអាចជាសញ្ញាមួយបង្ហាញពីទំនាក់ទំនងយោធា ស៊ីជម្រៅរវាងប្រទេសទាំង២។ នេះបើតាមមន្ត្រីយោធាវៀតណាមម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីវៀតណាមខាងលើដដែល បានប្រាប់ Reuters នៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកានេះថាវៀតណាមនឹងរៀបចំពិព័រណ៍អាវុធអន្តរជាតិមួយ ក្នុងទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ បន្ទាប់ពីធ្លាប់បានរៀបចំពិព័រណ៍អាវុធនេះជាលើកដំបូង។ វៀតណាម បច្ចុប្បន្នកំពុងជំរុញការផលិតអាវុធនៅក្នុងស្រុក ព្រមទាំងធ្វើពិពិធកម្មនៃប្រភពផ្គត់ផ្គង់អាវុធរបស់ខ្លួន ដែលបានពឹងផ្អែកលើរុស្ស៉ី អស់រយៈពេលរាប់ទសវត្សរ៍មកនេះ។
ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងស្ថិតក្នុងចំណោមក្រុមហ៊ុនជិត ១៤០ ដែលនឹងត្រូវចូលរួមពិព័រណ៍អាវុធក្នុងទីក្រុងហាណូយ។ តែមិនទាន់មានការបញ្ជាក់ថាតើមានក្រុមហ៊ុនចិនចំនួនប៉ុន្មាន នឹងត្រូវចូលរួមនោះទេ ខណៈកាលពីឆ្នាំ២០២២ មិនមានបរិក្ខារយោធាចិនណាមួយត្រូវបានដាក់តាំងបង្ហាញឡើយ៕