ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍
ភ្នំពេញ៖ នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ (AMF) និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ (EAMF) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
វេទិកា AMF បានពិភាក្សាអំពីបញ្ហាប្រឈម ឱកាស និងវិធីឆ្ពោះទៅមុខនៃកិច្ចសហប្រតិបត្តិការដែនសមុទ្ររបស់អាស៊ាន ព្រមទាំងវិធានការដើម្បីរក្សា និងពង្រឹងបន្ថែមទៀតនូវស្ថិរភាពនៅក្នុងតំបន់ដែនសមុទ្រ និងស្វែងរកគំនិតផ្ដួចផ្ដើមថ្មីៗ។ ចំណែកវេទិកា EAMF បានពិភាក្សាអំពីការតភ្ជាប់នៃការដឹកជញ្ជូនតាមដែនសមុទ្រ ភាពធន់នឹងប្រព័ន្ធអេកូឡូស៊ី និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពណ៌ខៀវ៕