អ៉ីរ៉ង់ គាំទ្រលីបង់ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់ ជាមួយអ៉ីស្រាអែល
តេហេរ៉ង់៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៉ីរ៉ង់ បានឲ្យដឹងថា អ៉ីរ៉ង់គាំទ្រការសម្រេចណាមួយដែលធ្វើឡើងដោយលីបង់ ក្នុងកិច្ចពិភាក្សាដើម្បីទទួលបានបទឈប់បាញ់ជាមួយអ៉ីស្រាអែល ដែលជាសញ្ញាបង្ហាញថាទីក្រុងតេហេរ៉ង់ ក៏ចង់ឃើញការបញ្ចប់សង្រ្គាមលេីក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
អ្នកនយោបាយជាន់ខ្ពស់ពីររូបរបស់លីបង់ បានប្រាប់ Reuters ថាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំលីបង់ បានបង្ហាញសេចក្តីព្រាងបទឈប់បាញ់មួយទៅកាន់ប្រធានសភានៃប្រទេសលីបង់ លោក Nabih Berri ក្នុងសប្តាហ៍នេះ ហេីយលោក Berri ដែលគាំទ្រដោយក្រុមហេសបូឡាបានជួបមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ លោក Ali Larijani នៅថ្ងៃសុក្រ។
ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងបេរូត លោក Larijani គូសបញ្ជាក់ថា យើងកំពុងស្វែងរកដំណោះស្រាយបញ្ហា។ យេីងគាំទ្រគ្រប់កាលៈទេសៈទាំងអស់ចំពោះរដ្ឋាភិបាលលីបង់។ អ្នកដែលរំខានគឺ អ៉ីស្រាអែលទៅវិញទេ។
កាសែត Washington Post បានរាយការណ៍ថា លោក Netanyahu កំពុងប្រញាប់ប្រញាល់ឆ្ពោះទៅរកបទឈប់បាញ់នៅលីបង់ ក្នុងបំណងបេីកផ្លូវមួយទៅឱ្យសម្ព័ន្ធមិត្តរបស់លោក គឺប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ជុំវិញការដោះស្រាយបញ្ហាសង្រ្គាម។ អ្នកការទូតម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅត្រូវការពេលវេលាបន្ថែមទៀតដើម្បីទទួលបានបទឈប់បាញ់មួយ ប៉ុន្តែសង្ឃឹមថាវាអាចសម្រេចបាន។
គួរបញ្ជាក់ថា រដ្ឋបាលអាមេរិកជិតផុតអាណត្តិ ហាក់ដូចជាចង់ទទួលបានបទឈប់បាញ់នៅលីបង់ដែរ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមអ៉ីស្រាអែល នៅតំបន់ហ្កាហ្សាកំពុងជាប់គាំង។