ស្នងការរាជធានីភ្នំពេញ ថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលសហការគ្នាបានល្អ ក្នុងការការពារក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលសហការគ្នាបានយ៉ាងល្អ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឲ្យប្រព្រឹត្តទៅបានជោគជ័យទាំងស្រុង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានថ្លែងអំណរគុណផងដែរ ដល់ប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្ដ ហើយសហការបានល្អជាមួយកម្លាំងសមត្ថកិច្ច ដើម្បីថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងព្រះរាជពិធីនេះ ដែលបានប្រព្រឹត្រទៅរយៈពេល៣ថ្ងៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ខ្ញុំបាទសូមគោរពអរគុណគ្រប់យ៉ាង ដល់គ្រប់កងកម្លាំងពាក់ព័ន្ធចូលរួមចំណែកក្នុងកិច្ចការ ការពារសណ្ដាប់ធ្នាប់ សន្តិសុខ ក្នុងប្រារព្ធពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ប្រកបដោយជោគជ័យ។
ជាពិសេសខ្ញុំសូមគោរពអរគុណដល់ប្រជាពលរដ្ឋ និងមហាជនបានចូលរួមសហការជាមួយសមត្ថកិច្ចយើងខ្ញុំ គ្រប់កាលៈទេសៈ។ សូមអរគុណសន្តិភាព!»។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃនេះ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយប្រមាណជាង៦លាននាក់ ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពីគណៈបញ្ជាការការពារស្របតាមផែនការដែលបានដាក់ចេញ។
ជោគជ័យដ៏ធំធេង នៃការប្រារព្ធព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះ បានបង្ហាញទៅកាន់សកលលោកនូវ សុខសន្តិភាពពេញបរិបូរណ៍នៃកម្ពុជា ប្រកបដោយភាពប៉ិនប្រសប់នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញគោលការណ៍ណែនាំ និងបទបញ្ជានានាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅធ្វើយ៉ាងណាបន្តថែរក្សាបានរឹងមាំសុខសន្តិភាព និងស្ថិរភាពជាតិ ធានាដល់ប្រក្រតីភាព និងជំរុញដំណើរការអភិវឌ្ឍ រីកចម្រើនសម្រាប់សង្គមជាតិ និងប្រជាជន ដែលបានបង្កលក្ខណៈអំណោយផលដល់ការប្រារព្ធព្រឹត្តិការណ៍ជាតិដ៏ធំនេះ នៅក្នុងរាជធានីភ្នំពេញ ដោយរក្សាបាន សន្តិសុខយ៉ាងល្អប្រសើរ ញ៉ាំងឲ្យប្រជាពលរដ្ឋរាប់លាននាក់ទូទាំងកម្ពុជា រួមទាំងភ្ញៀវអន្តរជាតិ មកពីគ្រប់ទិសទីបានចូលរួមកម្សាន្ដ សប្បាយដោយក្តីសោមនស្ស ដើម្បីចំណែកលើកស្ទួយ កិត្យានុភាពជាតិ កាន់តែខ្ពស់ត្រដែត និងផ្សព្វផ្សាយទៅកាន់សកលលោកនូវប្រពៃណី និងវប្បធម៌ដ៏ល្អ ផូរផង់របស់ជាតិខ្មែរ ៕