ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា រដ្ឋលេខាធិការក្រសួងការពារជាតិ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ របស់សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាវាងវៃ កាយពលមាំមួន សុខភាពល្អបរិបូរណ៍ ចាកផុតពីរោគាព្យាធិនានា និងមានជន្មាយុយឺនយូរតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំបាទសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលបានលះបង់អស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ដឹកនាំរដ្ឋសភាដែលជាស្ថាប័ន នីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពិនិត្យនិងការអនុម័តច្បាប់ ការពង្រឹងនីតិរដ្ឋ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងសមត្ថភាពស្ថាប័ន និងការចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងសង្គម ឱ្យកាន់តែមានភាពរីកចម្រើនរុងរឿងខ្លាំងក្លា និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។
ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏មហាមង្គលាភិរម្យវិសេសវិសាលនៃពិធីចម្រើនអាយុវឌ្ឍនមង្គលនេះផងដែរ ខ្ញុំបាទសូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាឆ្នាំរោង ឆស័ក ព្រះនាម មហោទរាទេវី សូមព្រះអង្គតាមជួយថែរក្សា ការពារ អភិបាល ប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរ ថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវ អភិវន្ទនកិច្ច និងគារវភក្តីដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ ៕