ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងកំពង់សោម ស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
បន្ទាប់មក ឯកឧត្តម សួស ប្រាថ្នា បានបន្តចូលរួមក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា៖ ក្រុងកំពង់សោម ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ២០១ អនក្រ. បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយបានកាត់យកឃុំ ចំនួន ៥ ពីស្រុកព្រៃនប់ រួមមាន៖ ឃុំបិតត្រាំង ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ និងមាន ២៣ភូមិ ផ្ទៃដីសរុបទំហំ ៤២.២៥៦,៤៩ហិកតា មានប្រជាជនសរុបចំនួន ១១.២៧៩គ្រួសារ មនុស្ស ចំនួន ៤៤.១២២នាក់ មានព្រំប្រទល់ខាងជើងជាប់នឹងស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខាងត្បូងជាប់នឹងសមុទ្រ ខាងកើតជាប់នឹងសមុទ្រ និងស្រុកព្រៃនប់ ខាងលិចជាប់នឹងក្រុងព្រះសីហនុ ៕