ឯកឧត្ដម មាន ចាន់យ៉ាដា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិត ដើម្បីរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិត ជាមួយក្រុមការងារបច្ចេកទេសនិងទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដើម្បីរៀបចំកម្មវិធីជំរំ យុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤ ឱ្យប្រព្រឹត្តទៅដោយរលូន និងបានល្អប្រសើរបំផុត។
ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យុវជនជាតិ និងអន្តរជាតិប្រមាណជាង ៣០០នាក់ នឹងអញ្ជើញចូលរួមកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្ដិភាព» “Together Volunteering for Community Resilience in Peace” ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
ជាមួយគ្នានេះ យុវជនទាំងអស់នឹងត្រូវបែងចែកជា០៣ក្រុម ដើម្បីស្វែងយល់អំពីការរស់នៅក្នុងសហគមន៍ផ្សេងៗគ្នាដូចជា សហគមន៍អ្នកតម្បាញក្រមាក្នុងស្រុកបន្ទាយអំពិល សហគមន៍អតីតយុទ្ធជនក្នុងស្រុកចុងកាល់ និងសហគមន៍តំបន់បញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងស្រុកអន្លង់វែង៕