រថយន្តទេសចរណ៍ ក្រុមហ៊ុនខេបូលីង បើកលឿនជ្រុលក្រឡាប់ធ្លាក់ស្រែ នៅស្រុកស្ទោង បណ្តាលរងរបួសធ្ងន់ស្រាល ៨នាក់
ភ្នំពេញ៖ រថយន្តទេសចរណ៍ ក្រុមហ៊ុនខេបូលីង បើកបរលឿនជ្រុលក្រឡាប់ធ្លាក់ស្រែ នៅភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលឱ្យមនុស្សក្មេងចាស់ប្រុសស្រីចំនួន៨នាក់រងរបួសធ្ងន់ស្រាល។ នេះបើតាម អធិការរងផ្នែកចរាចរណ៍ស្រុកស្ទោងបញ្ជាក់នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ខាត់ សុខា អធិការរងផ្នែកចរាចរណ៍ស្រុកស្ទោងប្រាប់ថា កាលពីវេលាម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះគីឡូ ម៉ែត្រលេខ ២១៨-២១៩ មានករណីរថយន្តទេសចរណ៍ក្រឡាប់ តែសំណាងល្អមិនប៉ះពាល់ដល់អាយុជីវិតពលរដ្ឋឡើយ។
លោកបញ្ជាក់ថា «រថយន្តដឹកអ្នកដំណើរក្រុមហ៊ុន(ខេបូលីង) ដឹកមនុស្សសរុបចំនួន១៥នាក់ ធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប បើកលឿនពេក ក៏ក្រឡាប់ បណ្ដាលឱ្យមនុស្ស ៣នាក់រងរបួសធ្ងន់ រីឯ៥នាក់ទៀតរបួសស្រាល»។
លោកបន្ថែមថា ក្រោយកើតហេតុភ្លាមៗកម្លាំងជំនាញបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្ទោង។ ចំណែកភាគីក្រុមហ៊ុនក៏បានចូលខ្លួនដោះស្រាយ និងផ្តល់ជាសំណងទៅដល់ជនរងគ្រោះផងដែរ។ ជុំវិញករណីនេះ លោកអធិការរងបានអំពាវនាវដល់អ្នកបើកបរទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរតាមល្បឿនកំណត់៕