សាលារៀននៅរដ្ឋធានីញូវដេលី ផ្លាស់ប្ដូររបៀបសិក្សា ពីការសិក្សានៅថ្នាក់រៀនផ្ទាល់ ទៅថ្នាក់រៀនតាមអនឡាញ ដោយសារផ្សែងអព្ទពុលខ្លាំង
ញូវដេលី៖ រដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌាបានប្រកាសនៅថ្ងៃចន្ទទី១៨វិច្ឆិកាពីផ្លាស់ប្ដូររបៀបសិក្សា ដោយប្តូរពីការសិក្សានៅថ្នាក់រៀនផ្ទាល់ ទៅថ្នាក់រៀនតាមអ៊ីនធឺណិត ខណៈផ្សែងអព្ទពុលកាន់តែអាក្រក់ទៅៗ។
កម្រិតនៃភាគល្អិតក្នុងខ្យល់ ឬ PM2.5 អាចបង្កមហារីកដ៏គ្រោះថ្នាក់ តាមរយៈការជ្រៀតចូលចរន្តឈាមតាមរយៈសួត ទន្ទឹមនឹងផ្សែងអព្ទពណ៌ប្រផេះយ៉ាងក្រាស់បានគ្របដណ្ដប់ទូទាំរដ្ឋធានីញូវដេលី។ រដ្ឋធានីនៃប្រទេសឥណ្ឌាមួយនេះត្រូវបានគ្របដណ្ដប់ដោយផ្សែងអព្ទពុលយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ដែលភាគច្រើនមានប្រភពមកពីការដុតកម្ទេចសំណល់កសិកម្មដោយកសិករក្នុងតំបន់ដើម្បីសម្អាតវាលស្រែរបស់ពួកគេសម្រាប់ការភ្ជួររាស់។ ក្រៅពីនេះ ក៏រួមបញ្ចូលដោយផ្សែងរោងចក្រឧហ្សាហកម្ម និងផ្សែងយានយន្តផងដែរ។
អភិបាលរដ្ឋធានីញូវដេលីលោកស្រី អាទីស៊ី (Atishi) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា ថ្នាក់រៀនផ្ទាល់នឹងត្រូវបិទសម្រាប់សិស្សទាំងអស់ លើកលែងតែថ្នាក់ទី១០ និងទី១២ ប៉ុណ្ណោះ។ សាលាបឋមសិក្សាត្រូវបាបិទថ្នាក់រៀនផ្ទាល់ និងការរឹតបណ្តឹងបន្ថែមទៀតជុំវិញការដាក់កម្រិតលើរថយន្តដែលដំណើរការដោយប្រេងម៉ាស៊ូត និងវិស័យសំណង់។ រដ្ឋាភិបាលបានអំពាវនាវឱ្យកុមារ និងមនុស្សចាស់ក៏ដូចជាអ្នកដែលមានបញ្ហាសួត ឬបេះដូងស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
រដ្ឋធានីញូវដេលី និងតំបន់ជុំវិញ ដែលមានប្រជាជនជាង ៣០លាននាក់បានជាប់ចំណាត់ថ្នាក់កំពូលលើពិភពលោកដែលមានការបំពុលខ្យល់អាក្រក់បំផុតក្នុងរដូវរងារ។ សីតុណ្ហភាពត្រជាក់ជាងមុន និងខ្យល់បក់យឺតបានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។ តុលាការកំពូលរបស់ឥណ្ឌាកាលពីខែមុនបានសម្រេចថា ខ្យល់ស្អាតគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ខណៈតុលាការប្រទេសនេះបានបញ្ជាឱ្យទាំងរដ្ឋាភិបាលកណ្តាល និងអាជ្ញាធរកម្រិតរដ្ឋចាត់វិធានការលើនញ្ហានេះឱ្យហ្មត់ចត់ជាងនេះ។ គួរបញ្ជាក់ថា បញ្ហាបំពុលខ្យល់នេះបានបណ្តាលឱ្យមនុស្សស្លាប់មុនអាយុរាប់ពាន់នាក់នៅទេសឥណ្ឌា៕