ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក គ្រីស្ទៀន វ៉ុលឃឺ អាយឌី (Christian Volker Ide) ប្រធានក្រុមកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» ឆ្នាំ២០២៤-២០២៨ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact។
ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact ក្នុងដំណាក់កាលទី៣នេះ បង្ហាញពីការបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូរវាងភាគីទាំងពីរ ក្នុងការផ្តល់ឱកាសដល់យុវជនដែលមានការខ្វះខាត ក៏ដូចជាកម្លាំងពលកម្មជំនាញកំរិតទាប អាចទទួលបាននូវការងារសមរម្យ និងប្រាក់ចំណូលកាន់តែប្រសើរ តាមរយៈការទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣នេះ ផ្តោតលើវិស័យសំខាន់ចំនួន ២ ដូចជា៖
១. ការសម្របសម្រួល និងអភិបាលកិច្ចសម្រាប់វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធនឹង TVET ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។
២. ការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងអ្នកផ្តល់ជំនាញនានា តាមរយៈការគាំទ្រដល់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស នៅក្នុងខេត្តចំនួន ១២ នូវធនធានសំខាន់ៗ និងកម្មវិធីបណ្តុះបណ្តាលនានា។
ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាតាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី៣នេះ នឹងមិនត្រឹមតែជួយធ្វើឱ្យប្រសើឡើងនូវគោលនយោបាយ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសប៉ុណ្ណោះទេ តែកម្មវិធីនេះនឹងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់កាន់តែមានភាពល្អប្រសើរ៕