ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ត្រី ផាន ម៉ាញ់គ្រឿង អនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, អនុប្រធានយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកនាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
នៅក្នុងជំនួបនេះ មានគោលបំណង អនុវត្តទៅតាមផែនការសហប្រតិបត្តិការរបស់នគរបាលជាតិកម្ពុជា និងនគរបាលជាតិវៀតណាម និងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ព័ត៌មានបំពេញបន្ថែមលើដំណើរការ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ចាប់ខ្លួនឧក្រិដ្ឋជន រួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឆ្លងចូលមកកម្ពុជា ទប់ស្កាត់ បង្ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសឆបោក ក៏ដូចជាការកសាងសមត្ថភាពកងកម្លាំងនគរបាលផងដែរ៕