អាជ្ញាធរជាតិអប្សរារៀបចំកម្មវិធីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ស្តីពី “សារមន្ទីរ និង និរន្តរភាព”
ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ស្តីពី សារមន្ទីរ និងនិរន្តរភាព ដែលកម្មវិធីនេះរៀបចំឡើងរយៈពេល៤ថ្ងៃ គឺថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា នៅសារមន្ទីរវាយណភណ្ឌ និងប្រពៃណីអាស៊ី។
មន្រ្តី និងបុគ្គលិកនៃសារមន្ទីរទាំងបីរបស់អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធសរុបចំនួន៣០រូប បានចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ស្តីពី សារមន្ទីរ និងនិរន្តរភាព។ ខាងអាជ្ញាធរជាតិអប្សរាដែលបានចូលរួម រួមមាន នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ ព្រមទាំងមានការអញ្ជើញឱ្យចូលរួមផងដែរពីសារមន្ទីរជាតិអង្គរ សារមន្ទីរជាតិភ្នំពេញ សារមន្ទីរព្រះស្រីឦសានវរ្ម័ន សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងសារមន្ទីរខេត្តព្រះវិហារ ដែលអ្នកចូលរួមមានដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
លោក យូ ចន្ថា មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងជាអ្នកសម្របសម្រួលរៀបចំកម្មវិធីខាងលើបានឱ្យដឹងថា ការងារនេះធ្វើឡើងក្នុងបំណងដើម្បីបញ្រ្ជាប និងបង្ហាញពីការគ្រប់គ្រង និងអភិវឌ្ឍន៍សារមន្ទីរ ដែលមានរួមបញ្ចូលទស្សនៈទាន «និរន្តរភាព»។ វាគ្មិនជំនាញដែលចូលរួមធ្វើបទបង្ហាញមកពីប្រទេសបារាំង ចិន ឥណ្ឌា សាំងហ្គាពួរ ប្រេស៊ីល បេណាំង យ៉ូហ្គេនដា កូឡុំបី កូរ៉េខាងត្បូង និងប៉ារ៉ាហ្គាយ។ អ្នកជំនាញទាំងនេះនឹងធ្វើបទបង្ហាញតាមអនឡាញពីការរៀបចំ និងគ្រប់គ្រងសារមន្ទីរប្រភេទផ្សេងៗគ្នា ដើម្បីឱ្យអ្នកចូលរួមអាចយល់ និងយល់ពីការគ្រប់គ្រង ព្រមទាំងវិធីសាស្រ្តនៃការរៀបចំពិព័រណ៍អចិន្រ្តៃយ៍ និងមិនអចិន្រ្តៃយ៍ សកម្មភាពវប្បធម៌ កម្មវិធីអប់រំជាដើម របស់សារមន្ទីរ ដែលបានគិតគូរដល់គោលការណ៍គ្រឹះទាំង១៧ នៃនិរន្តរភាព។
សូមបញ្ជាក់ថា កម្មវិធីខាងលើរៀបចំដោយអាជ្ញាធរជាតិអប្សរា ដោយមានការគាំទ្រពីក្រុមប្រឹក្សាអន្តរជាតិនៃសារមន្ទីរកម្ពុជា(ICOM Cambodia) និងទីស្នាក់ការកណ្តាលនៃក្រុមប្រឹក្សាអន្តរជាតិនៃសារមន្ទីរនៅទីក្រុងបារីស (ICOM Headquarter in Paris)៕