ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីកៀវ បិទទ្វារភ្លាមៗ ក្រៅយទទួលរងការគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ
កៀវ៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានអះអាងនៅក្នុងសារបង្ហោះនៅថ្ងៃទី២០ ខែវិច្ឆិកានេះថា ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅរដ្ឋធានីកៀវ ទទួលបានព័ត៌មានគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំនៅថ្ងៃពុធនេះ។ ក្រោយទទួលបានសារព្រមានវាយប្រហារនេះ ស្ថានទូតត្រូវបានបិទភ្លាមៗ។
ក្រោមហេតុផលសុវត្ថិភាព និងការប្រុងប្រយ័ត្ន ស្ថានទូតនឹងត្រូវបិទទ្វេរ ខណៈបុគ្គលិកស្ថានទូតកំពុងត្រូវបានណែនាំឱ្យជ្រកកោននៅកន្លែងមានសុវត្ថិភាព។ លើសពីនេះ ស្ថានទូតអាម៉េរិកផ្តាំតាមរយៈសេចក្តីថ្លែងការណ៍ថ ៖«ពលរដ្ឋអាម៉េរិកត្រូវត្រៀមខ្លួនជ្រកកោននៅកន្លែងសុវត្ថិភាព ក្រោយប្រកាសអាសន្នជុំវិញការគំារាមវាយប្រហារតាមអាកាសដ៏ស្រួចស្រាវ»។ ជុំវិញបញ្ហានេះ សេចក្តីប្រកាសនេះ បានជំរុញឱ្យពលរដ្ឋនៅក្នុងតំបន់តាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកសម្រាប់ការធ្វើបច្ចុប្បន្នព័ត៌មាន និងកំណត់ទីតាំងសុវត្ថិភាព។ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានណែនាំថា ប្រសិនបើមានការប្រកាសអាសន្នវាយប្រហារតាមផ្លូវអាកាស បុគ្គលិកស្ថានទូតត្រូវធ្វើតាមការណែនាំរបស់មន្ត្រីអ៊ុយក្រែន។
ការព្រមានអំពីការវាយប្រហារតាមអាកាសលើស្ថានទូតអាម៉េរិកនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS របស់អាម៉េរិក វាយប្រហារចូលជ្រៅលើទឹកដីរុស្ស៊ី ក្រោយទទួលបានការបើកដៃពីរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃខួប១ពាន់ថ្ងៃ នៃការចាប់ផ្តើមភ្លើងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
រុស្ស៊ីបានព្រមានលោកខាងលិចអស់ជាច្រើនខែថា ប្រសិនបើរដ្ឋធានីវ៉ាស៊ីនតោនអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់អាម៉េរិក អង់គ្លេស និងបារាំង ចូលជ្រៅទៅក្នុងប្រទេសទឹកដីរុស្ស៊ីនោះ រដ្ឋធានីមូស្គូនឹងចាត់ទុកសមាជិកណាតូទាំងនោះ លូកដៃដោយផ្ទាល់ក្នុងសង្គ្រាមនៅអ៊ុយក្រែន៕