ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump គ្រោងចូលរួមការបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ដោយផ្ទាល់ នៅរដ្ឋតិចសាស់
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ត្រូវបានរាយការណ៍មកថាគ្រោងនឹងចូលរួមការបាញ់បង្ហោះរ៉ុក្កែត SpaceX ដោយផ្ទាល់នៅរដ្ឋតិចសាស់នៅថ្ងៃអង្គារសប្តាហ៍នេះ ដែលនេះត្រូវបានគេចាត់ទុកថា ជាសញ្ញាមួយទៀតនៃទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX គឺមហាសេដ្ឋី Elon Musk ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានចេញ «ការរឹតបន្តឹងជើងហោះហើរបណ្តោះអាសន្នសម្រាប់សកម្មភាពលំដាប់ VIP» លើទីក្រុង Brownsville រដ្ឋតិចសាស់ ដែលជាធម្មតាកើតឡើងមុនដំណើរទស្សនកិច្ចកម្រិតខ្ពស់។ ការរឹតបន្តឹងជើងហោះហើរនៅនឹងកន្លែងលើអចលនទ្រព្យមាត់សមុទ្ររបស់លោក Trump នៅ Palm Beach រដ្ឋ Florida នឹងត្រូវដកចេញជាបណ្តោះអាសន្នក្នុងអំឡុងពេលដូចគ្នានេះ។ យ៉ាងណាមិញ ជុំវិញដំណឹងនេះ ក្រុមការងាររបស់លោក Trump មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតនោះទេ។
យ៉ាងណាមិញ ទាក់ទិននឹងការបាញ់បង្ហោះរ៉ុក្កែតខាងលើនេះ នឹងក្លាយជាការបាញ់សាកល្បងលើកទី៦របស់ក្រុមហ៊ុន SpaceX ទៅកាន់ទីអវកាសសម្រាប់ Starship ដែលជាប្រព័ន្ធរ៉ុក្កែតជំនាន់ក្រោយរបស់ក្រុមហ៊ុន នៅចំកណ្តាលគោលដៅរបស់ក្រុមហ៊ុន Musk ដើម្បីបញ្ជូនមនុស្ស និងទំនិញទៅកាន់ភពអង្គារ។ អង្គការ NASA គ្រោងនឹងប្រើប្រាស់ Starship ដើម្បីចុះចតមនុស្សនៅលើឋានព្រះច័ន្ទក្នុងទសវត្សរ៍នេះ ក្រោមកម្មវិធី «Artemis» របស់ខ្លួន ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដែលត្រូវបានគេរំពឹងថានឹ ងមានការពាក់ព័ន្ធកាន់តែខ្លាំងទៅនឹងបេសកកម្មនៅភពព្រះអង្គារ និងពេញចិត្តចំពោះផែនការអវកាសរបស់ SpaceX និង Musk ក្រោមការដឹកនាំរបស់លោក Trump៕