អ៊ីរ៉ង់ អំពាវនាវដល់សម្តេចប៉ាប ឱ្យជួយបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍ឱ្យដឹងនៅថ្ងៃពុធនេះថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអំពាវនាវដល់សម្តេចប៉ាប Francis ឱ្យប្រើប្រាស់ឥទ្ធិពលរបស់លោក ដើម្បីជួយបញ្ឈប់អំពើហិង្សានៅមជ្ឈិមបូព៌ា។
លោក Pezeshkian បានស្នើឱ្យសម្តេចប៉ាបជំរុញឱ្យមេដឹកនាំពិភពលោក ជាពិសេសរដ្ឋាភិបាលគ្រីស្ទាន ចូលរួមទប់ស្កាត់អំពើឈ្លានពានរបស់អ៊ីស្រាអែល។
លោក Pezeshkian បានសរសេរនៅក្នុងសារមួយ ទៅកាន់សម្តេចប៉ាប ថា «លើកទឹកចិត្តមេដឹកនាំពិភពលោក ជាពិសេសរដ្ឋាភិបាលគ្រីស្ទាន ដើម្បីទប់ស្កាត់ការបន្តនៃការឈ្លានពានដែលធ្វើឡើងដោយរបបអ៊ីស្រាអែលឧក្រិដ្ឋកម្ម»។
សារនេះ ត្រូវបានបញ្ជូនទៅកាន់សម្តេចប៉ាប តាមរយៈគណៈប្រតិភូអ៊ីរ៉ង់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍សន្ទនាសាសនានៅបុរីវ៉ាទីកង់។ អ៊ីរ៉ង់ និងរដ្ឋាភិបាលកណ្តាលនៃព្រះវិហារកាតូលិកដែលមានទីតាំងនៅទីក្រុងរ៉ូម Holy See មានទំនាក់ទំនងការទូតជាផ្លូវការ តាំងពីឆ្នាំ១៩៥៤ មកម្ល៉េះ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសម្តេចប៉ាប Francis បានរិះគន់សកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា និងបានលើកឡើងពីសំណួរអំពីលទ្ធភាពនៃការប្រល័យពូជសាសន៍។ ទោះយ៉ាងណា អ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ។