សម្តេចតេជោ៖ កម្ពុជាមានអ្នកកាន់សាសនាផ្សេងៗច្រើន ប៉ុន្តែមិនមានការរើសអើងគ្នា និងបែកបាក់សាមគ្គីភាពគ្នានោះឡើយ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្តែងមោទនភាពយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលពោពេញដោយសុខដុរមនីយកម្មជាតិសាសន៍ និងសាសនា ខណៈបច្ចុប្បន្នកម្ពុជាមានអ្នកកាន់សាសនាផ្សេងៗច្រើន ប៉ុន្តែមិនមានការរើសអើងគ្នា និងបែកបាក់សាមគ្គីភាពគ្នានោះឡើយ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណ និងអំណរគុណដល់ព្រះ សង្ឃទាំងពីរគណៈដែលបានយាង និងនិមន្តចូលរួមក្នុងវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ ដើម្បីរួមគ្នារកដំណោះស្រាយរាល់បញ្ហាប្រឈមនានានៅក្នុងសង្គម។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រតិបត្តិសាសនានៅក្នុងសង្គមជាតិនីមួយៗតែងតែមានជាប់ទាក់ទងទៅនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះ ដែលជាអត្តសញ្ញាណ នៃគុណតម្លៃរួម នៃជីវិតរបស់មនុស្សនៅក្នុងសង្គមនីមួយៗ សកម្មភាពមនុស្សមានភាពទៀងត្រង់នឹងមានលក្ខណៈប្រហាក់ប្រហែលអាចរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ៕