សម្ដេចតេជោ អំពាវនាវដល់ពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សង្ឃឹមថាខាងអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ ប៉ុន្តែមានជនអគតិមួយក្តាប់តូច (ក្រុមក្បត់ជាតិបីជំនាន់) កំពុងតែធ្វើការញុះញង់អុចអាលលើបញ្ហានេះ ហើយការញុះញង់បែបនេះអាចនឹងធ្វើឲ្យកម្ពុជា និងថៃឈានដល់មានការផ្ទុះអាវុធ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ការប្តឹងផ្តល់គ្នាទៅតុលាការអន្តរជាតិលើបញ្ហា កោះគុតតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេសនោះមិនមែនជាការងាយស្រួលនោះទេ ៕