ឃាតកឈាមត្រជាក់ ម្នាក់ ត្រូវ បាន កាត់ទោស ប្រហារជីវិត ជុំវិញឃាតកម្ម ១៤ នាក់នៅថៃ
បាងកក៖ ស្ត្រីជនជាតិថៃម្នាក់ ដែលត្រូវបានគេជឿថា ជាឃាតកផ្តាច់ជីវិតមនុស្សឥតញញើតដៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រថៃ ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃពុធទី២០វិច្ឆិកា ពីបទបំពុលមិត្តភក្ដិដោយសារធាតុពុលស៊ីយ៉ានចំនួន ១៤នាក់ ខណៈម្នាក់ទៀតកំពុងសង្គ្រោះអាយុជីវិត។
ឃាតកឈាមត្រជាក់ សារ៉ារ៉ាត់ រង្ស៊ីវុត្ថាផន អាយុ៣៦ឆ្នាំ ជាអ្នកញៀនល្បែងអនឡាញត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់រាប់ពាន់ដុល្លារពីជនរងគ្រោះ មុនពេលសម្លាប់ពួកគេដោយសារធាតុគីមី។ តុលាការរាជធានីបាងកក បានកាត់ទោសឃាតករូបនេះកាលពីថ្ងៃពុធពីបទបំពុលសម្លាប់មិត្តភក្ដិមានឈ្មោះថា ស៊ីរីផន កាន់វង់ (Siriporn Kanwong)។
គួររំឭកថា អ្នក ទាំង ពីរ បាន ជួប គ្នា នៅ ជិតរាជធានី បាងកក កាល ពី ខែ មេសា ឆ្នាំ មុន ដើម្បី ធ្វើបុណ្យប្រលែង ត្រី ចូល ទន្លេម៉ែក្លង(Mae Klong)។ គួរឱ្យសង្វេគ លោកស្រី ស៊ីរីផន បានដួលស្លាប់ភ្លាមៗ ខណៈអ្នកស៊ើបអង្កេតបានរកឃើញដាននៃសារធាតុស៊ីយ៉ាននៅក្នុងខ្លួនសាកសព ខណៈសារធាតុពុលស៊ីយ៉ាននេះផ្សំឡើងពីសារធាតុប្រហែល២០០ប្រភេទបញ្ចូលគ្នា។ ជាមួយគ្នា ម្តាយជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានទាំងទឹកភ្នែកថា៖«ម៉ែចង់ប្រាប់កូនស្រីថា ម៉ែនឹកកូនខ្លាំងណាស់ ហើយយុត្តិធម៌មានហើយសម្រាប់កូនស្រីនៅថ្ងៃនេះ»។
ប៉ូលិសបញ្ជាក់ថា ឃាតករូបនេះមានលុយលេងល្បែងដោយការខ្ចីប្រាក់ពីជនរងគ្រោះ ហើយមុនពេលសម្លាប់ ឃាតករបានខ្ចីលុយ៩ពាន់ដុល្លារ លួចគ្រឿងអលង្ការ និងទូរសព្ទដៃរបស់ជនរងគ្រោះទៀតផង។ គួររំឭកថា ឃាតកគ្មានបេះដូងនេះ បានល្បួង មនុស្ស១៥នាក់ ដើម្បី បំពុលសម្លាប់ ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។ លើសពីនេះ នាងត្រូវប្រឈមមុខនឹងការកាត់ទោសជុំវិញឃាតកម្មចំនួន១៣ករណីដាច់ដោយឡែកពីគ្នា ហើយត្រូវបានចោទប្រកាន់ពីបទល្មើសសរុបប្រហែល៨០ករណី។
ជុំវិញបញ្ហានេះ មេធាវីរបស់គ្រួសារជនរងគ្រោះអះអាងថា អតីតស្វាមីរបស់ឃាតក ដែលមានងារជាវរសេនីយ៍ទោត្រូវបានកាត់ទោសឱ្យជាប់គុក១៦ខែ និងអតីតមេធាវីរបស់នាងម្នាក់ជាប់គុក២ឆ្នាំ ជុំវិញសកម្មភាពពាក់ព័ន្ធនឹងការសម្លាប់ជនរងគ្រោះ ស៊ីរីផន។
គួរបញ្ជាក់ថា ប្រទេស ថៃ បាន ក្លាយ ជា សំបុក ឧក្រិដ្ឋកម្ម ដ៏ គួរ ឱ្យ រន្ធត់ និង ល្បី ល្បាញ ជា ច្រើន។ ជាក់ស្តែង កាលពីដើមឆ្នាំនេះ ជនបរទេសចំនួនប្រាំមួយនាក់ ត្រូវបានគេរកឃើញស្លាប់នៅក្នុងសណ្ឋាគារដ៏ប្រណិតមួយក្នុងរាជធានីបាងកក បន្ទាប់ពីមានការពុលដោយសារធាតុស៊ីយ៉ាន ដែលគេជឿថា ជាប់ពាក់ព័ន្ធនឹងបំណុលមានតម្លៃរាប់លានបាត៕